(វ៉ាស៊ីនតោន)៖ កូនៗរបស់លោក Jamal Khashoggi អាចនឹងទទួលបានបា្រក់ប្រចាំខែ និងផ្ទះមានតម្លៃរាប់សិបលានដុល្លារ ជាសំណងបំបិទមាត់កុំឱ្យដាក់ពាក្យប្ដឹង និងរិះគន់លើរាជវង្សអារ៉ាប៊ីសាអូឌីតថាជាអ្នកសម្លាប់អតីតអ្នកកាសែត Washington Post រូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពមួយដែលខ្លួនទទួលបាន ជាមួយការបញ្ជាក់បន្ថែមថា គ្រួសារ Khashoggi ក៏អាចនឹងទទួលបាន «ប្រាក់ប្រឡាក់ឈាម»រាប់លានដុល្លារផងដែរ បន្ទាប់ពីសវនាការកាត់ទោសជន ជាប់ចោទចំនួន១១នាក់នៅក្នុងសំណុំរឿងឃាតកម្មដ៏រសើបនេះ។ លើសពីនេះទៅទៀត ប្រភពមិនបញ្ជាក់អត្តសញ្ញាណដដែល បានវាយតម្លៃថាគ្រួសារលោក Khashoggi អាចនឹងទទួលបានប្រាក់សំណង និងទ្រព្យសម្បត្តិរហូតដល់៧០លានដុល្លារ ឯណោះ ខណៈកូនប្រុស២នាក់ និងស្រី២នាក់សុទ្ធតែទទួលបានផ្ទះដ៏ស្កឹមស្កៃម្នាក់មួយខ្នង នៅក្នុងទីក្រុង Jeddah។

គួរបញ្ជាក់ថា បើតាមប្រភពដែល CNN ទទួលបាន ប្រាក់សំណង និងផ្ទះ រួមទាំងប្រាក់ប្រចាំខែសម្រាប់គ្រួសារលោក Khashoggi ទទួលបានការយល់ព្រមពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman។ ប៉ុន្តែ មកទល់នឹងពេលនេះ ខាងទីក្រុងរីយ៉ាដ រួមទាំងកូនៗរបស់លោក Khashoggi មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនោះទេ។

លោក Khashoggi ជាអតីតអ្នកកាសែត Washington Post ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែ តុលា ឆ្នាំ២០១៨ ហើយសាកសពមិនដឹងជាត្រូវគេយកទៅបោះចោល នៅទីណានោះទេ។ ចំណែកឯ ទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA ធ្លាប់បានសន្និដ្ឋានថាព្រះអង្គម្ចាស់រាជាទាយាទ អារ៉ាប៊ីសាអូឌីតមហាំម៉ាត់ ប៊ិន សាល់ម៉ាន គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងទីក្រុងរីយ៉ាដផ្ទាល់បានទាត់ចោលរាល់ការចោទប្រកាន់៕