(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យត្រួតពិនិត្យឡើងវិញរាល់កិច្ចសន្យានៃរដ្ឋាភិបាលរបស់ លោកជាមួយនឹងបណ្ដាក្រុមហ៊ុន និងប្រទេសដទៃ ដើម្បីធានាថាពួកគេមានភាពស្មោះត្រង់ចំពោះប្រជាជនហ្វីលីពីន។ នេះ បើតាមអ្នកនាំពាក្យរបស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យលោក ឌូតឺតេ គឺលោក Salvador Panelo បានលើកឡើងដូច្នេះថា៖«ការត្រួតពិនិត្យធ្វើឡើងដើម្បីកំណត់ថាតើរាល់កិច្ចសន្យាមុនៗ និងបច្ចុប្បន្នរវាងរដ្ឋាភិបាលហ្វីលីពីន ជាមួយបណ្ដាក្រុមហ៊ុន ឬប្រទេសដទៃបានធ្វើឱ្យប្រជាជនហ្វីលីពីនខាតបង់ប្រយោជន៍ ព្រមទាំងរំលោភលើរដ្ឋធម្មនុញ្ញ ដែរឬទេ»។

គួរបញ្ជាក់ថា លោក Panelo មិនបានប្រាប់លម្អិតថាមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងចំនួនប៉ុន្មាននោះទេ ដែលត្រូវត្រួតពិនិត្យ ឡើងវិញ ខណៈការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើងដោយក្រសួងយុត្តិធម៌ហ្វីលីពីន៕