(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកកំពុងពិចារណា វេចខ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់ទៅលើប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅលើវិស័យសេដ្ឋកិច្ចវិញម្តង ខណៈកញ្ចប់ទណ្ឌកម្មចំនួនពីរកន្លងទៅ ដែលទីក្រុងវ៉ាស៊ីនតោនដាក់ចេញកាលពីឆ្នាំមុន មិនបានប៉ះពាល់វិស័យនេះរបស់អ៊ីរ៉ង់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តអនុវត្តន៍ នូវគោលនយោបាយរបស់ខ្លួនចំពោះអ៊ីរ៉ង់ តាមរយៈការបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មី ដែលសំដៅដាក់សម្ពាធលើសេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ ក្នុងឱកាសខួប ០១ឆ្នាំ នៃការប្រកាសដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែល​អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងបណ្តាប្រទេសពាក់ព័ន្ធ ​បានព្យាយាមបង្កើតឡើងយ៉ាងលំបាកកាលពីឆ្នាំ២០១៥។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហៅកាត់ថា JCPOA ហើយបានបង្គាប់ឲ្យមានការដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ កន្លងមកបានចាត់ទុកកិច្ចព្រមព្រៀងខាងលើនេះ គឺជារឿងមិនគួរកើតមាន និងកំហុសរបស់រដ្ឋបាលមុន ដែលបានធ្វើឲ្យខាតបង់​ផលប្រយោជន៍​សហរដ្ឋអាមេរិក ខណៈប្រទេសអ៊ីរ៉ង់​ត្រូវបាន​រដ្ឋបាល ត្រាំ ចោទថាមិនបានគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ នោះឡើយ៕