(ឡុងដ៍)៖ ប្រធានដឹកនាំកិច្ចចរចាសហភាពអឺរ៉ុប (EU) លោក Michel Barnier បាននិយាយថា ខណៈនេះ ចក្រភពអង់គ្លេសទំនងជា​នឹង​ត្រូវដកខ្លួនចេញពី EU ដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់រវាងគ្នា ប៉ុន្តែរឿងនេះអាចនៅបញ្ចៀសបាន។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ បានលើកឡើងថា ការបន្តពន្យារពេលវេលារយៈពេលវែងបន្ថែមពីលើកាលបរិច្ឆេទនៃការត្រូវធ្វើ​ Brexit (ការដកខ្លួនចេញពី EU) របស់​ចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ន គឺនៅថ្ងៃទី១២ ខែមេសានេះ អាចជះហានិភ័យអាក្រក់សម្រាប់​សហ​ភាព​អឺរ៉ុបផ្ទាល់ ហើយមិនតែប៉ុណ្ណោះហេតុផលដែលមិនអាចប្រកែកបានមួយ គឺនឹងត្រូវការចាំបាច់ មុនពេល EU អាចទទួល​យល់ព្រម។

បើតាមការយល់ឃើញរបស់លោក Barnier ពីមួយថ្ងៃទៅមួយថ្ងៃ ចក្រភពអង់គ្លេសកំពុងសំដៅឆ្ពោះទៅរកការធ្វើ Brexit ដោយ​មិន​មាន​កិច្ចព្រមព្រៀង ហើយដើម្បីបញ្ចៀសរឿងនេះបាន មានវិធីតែមួយគត់ គឺសភាអង់គ្លេសត្រូវតែបោះឆ្នោតលើសច្ចាប័នដល់កិច្ច​ព្រមព្រៀងមួយ។

គួរជម្រាបថា រហូតមកទល់ពេលនេះ កិច្ចព្រមព្រៀងអំពីដំណើរការ Brexit ដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានខិតខំចរចាជាមួយសហភាពអឺរ៉ុបនោះ ត្រូវបានសភាប្រទេសរបស់លោកស្រីទាត់ចោលដល់ទៅ០៣លើក ខណៈលោកស្រីបានស្នើ EU លើកថ្ងៃ Brexit ដែលពីដំបូង​ឡើយត្រូវប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ដោយ EU បានផ្តល់ជម្រើសឲ្យមកធ្វើនៅថ្ងៃទី១២ ខែមេសានេះវិញ និង​​បានសន្យាថា លោកស្រីនឹងលាលែងពីមុខតំណែងថែមទៀតផងប្រសិនបើកិច្ចព្រមព្រៀងអាចឆ្លងផុតសភា។ ប្រជាជនអង់គ្លេសក្នុងសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រឲ្យធ្វើ Brexit តាំងតែពីខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ៕