(ញូយ៉ក)៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ចំនួនប្រជាជននៅលើពិភពលោក អាចនឹងកើនឡើងដល់ខ្ទង់ «៩.៧ពាន់លាននាក់» នៅឆ្នាំ២០៥០ ហើយអាចនឹងកើនដល់ ១១ពាន់លាននាក់ចុងបញ្ចប់សតវត្សរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ UN ប្រជាជននៅលើពិភពលោកក្នុងឆ្នាំ២០១៩ នេះមានចំនួន ៧.៧ពាន់លាននាក់។ ប៉ុន្តែ គួរឱ្យកត់សម្គាល់របាយការណ៍នេះដដែល ក៏អមមកជាមួយនូវការព្រមានផងដែរថា ការកើនឡើងនេះអាចនឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ធនធានធម្មជាតិ និងប្រព័ន្ធ ecosystems ដែលចាំបាច់សម្រាប់ផ្តល់ឲ្យមនុស្ស​លើភពផែនដី​ទទួលបានការរស់នៅប្រកបដោយសេចក្តីសុខនោះ។

គួរបញ្ជាក់ថា របាយការណ៍ខាងលើមានចំណងជើងថា «ការត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ ហើយវាត្រូវបានដាក់ជូនសម័យប្រជុំលើកទី ៥២ របស់គណៈកម្មការ UN ស្ដីពីប្រជាជន និងការអភិវឌ្ឍដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres)៕