(ប៉ារីស)៖ ក្រសួងការបរទេសបារាំងនៅថ្ងៃចន្ទនេះ បានអះអាងថាទីក្រុងប៉ារីសមិនបានចូលរួមក្នុងសកម្មភាពស៊ើបការណ៍ សំងាត់សំដៅរៀបចំការវាយប្រហារដោយអាវុធគីមីនៅក្នុងខេត្ត Idlib ដើម្បីទម្លាក់កំហុសលើស៊ីរី និងរុស្ស៊ីនោះទេ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

ប្រតិកម្មរបស់ទីក្រុងប៉ារីស កើតមានឡើងបន្ទាប់ពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាស៊ីរីរាយការណ៍ថាទីភ្នាក់ងារស៊ើប ការណ៍សំងាត់ប៊ែលហ្សិក និងបារាំងបានផ្ដិតយករូបភាពការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងអាវុធរបស់ពួកភេរវករ នៅក្នុងខេត្ត Idlib នាពេលថ្មីៗនេះដើម្បីប្រើវាជាលេសទម្លាក់ថារុស្ស៊ី និងរដ្ឋាភិបាលស៊ីរីថាជាអ្នកប្រើប្រាស់អាវុធគីមី។

ប៉ុន្តែជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសបារំាងបានចាត់ទុកថាព័ត៌មាននេះគឺជារឿងប្រឌិត។ អ្នកនាំពាក្យរូបនេះ ដដែលបានលើកឡើងដូច្នេះថា៖ «វាមិនមែនជាព័ត៌មាននោះទេ ប៉ុន្តែវាគ្រាន់តែរឿងប្រឌិត និងកុហកដែលបង្កើតឡើងដោយ រុស្ស៊ី និងស៊ីរីប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ខេត្ត Idlib បានក្លាយជាចំណុចកណ្ដោលនៃភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជាពិសេសគឺ សហរដ្ឋអាមេរិក ដោយសារតែការចោទប្រកាន់គ្នាទៅវិញទៅមកពីការប្រើប្រាស់អាវុធគីមីដែលបណ្ដាលឱ្យ ជនស៊ីវិលស្លូតត្រង់រាប់សិបនាក់បាត់បង់ជីវិត បើទោះជាមានបទឈប់បាញ់ជាច្រើនលើកក៏ដោយ៕