(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃចន្ទនេះបានប្រកាសថាសម័យកាល អធិរាជថ្មី ឬសករាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា រៃវ៉ា «Reiwa» វិញ ហើយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងពន្យល់ពីអត្ថន័យនៃពាក្យនេះបន្ថែមក្នុងពិធីថ្លែងសារមួយទៅកាន់ប្រជាជាតិជប៉ុន៕

២៖ មន្ត្រីមួយរូបនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានបញ្ជាក់ថា លោក មូន ចេអ៊ីនកំពុងតែពិនិត្យមើល ចំពោះលិខិតអញ្ជើញមួយ ដែល លោកចង់បញ្ជូនទៅកាន់ ប្រទេសកូរ៉េខាងជើង ដើម្បីអញ្ជើញប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ឲ្យមកចូល រួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង ដែលនឹងប្រារព្ធឡើងនៅទីក្រុង ប៊ូសាន (Busan)៕

៣៖ វិទ្យាស្ថានអាកាសចរណ៍ទីក្រុងម៉ូស្គូរបស់ប្រទេសរុស្ស៊ី បានបង្ហាញនូវយន្ដហោះដ្រូនស៊េរីថ្មីមួយដែលអាចបំពាក់កាំភ្លើង វែងជាអាវុធ សម្រាប់បាញ់ទម្លាក់យន្ដហោះដ្រូនដទៃទៀតបាន ហើយវាត្រូវបានគេមើលឃើញថាមានសមត្ថភាព ខ្ពស់ជាងយន្ដហោះដ្រូនដទៃ៕

៤៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ មួយគ្រឿងហៅថា EMISAT ចេញពីភាគខាងត្បូងប្រទេសរបស់ខ្លួន ដើម្បីតាមដានសកម្មភាពគូសត្រូវពីទីអវកាស៕

៥៖ ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយបានវាយលុកប្រទេសនេប៉ាល់នាថ្ងៃអាទិត្យ ដែលបានធ្វើឲ្យមនុស្សយ៉ាងតិច២៥នាក់ស្លាប់ និងប្រមាណ៤០០នាក់ទៀតរងរបួស៕

៦៖ តុលាការម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តផ្តន្ទាទោសស្ត្រីវៀតណាមម្នាក់នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ និង៤ខែ បន្ទាប់ពីរូបនាងព្រមសារភាពពីទោសកំហុស៕