(ម៉ូស្គូ)៖ វិទ្យាស្ថានអាកាសចរណ៍ទីក្រុងម៉ូស្គូរបស់ប្រទេសរុស្ស៊ី បានបង្ហាញនូវយន្ដហោះដ្រូនស៊េរីថ្មីមួយ ដែលអាចបំពាក់កាំភ្លើងវែងជាអាវុធ សម្រាប់បាញ់ទម្លាក់យន្ដហោះដ្រូនដទៃទៀតបាន ហើយវាត្រូវបានគេមើលឃើញថា មានសមត្ថភាពខ្ពស់ជាងយន្ដហោះដ្រូនដទៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

វិទ្យាស្ថានខាងលើដដែលក៏បានបង្ហោះវីដេអូ ស្ដីពីការធ្វើតេស្ដសាកល្បងយន្ដហោះដ្រូន​នេះផងដែរ ដោយបានបង្ហាញពីការធ្វើតេស្ដបាញ់កម្ទេចចំគោលដៅដែលបានដាក់ ព្រមទាំងចុះចតយ៉ាងជោគជ័យ។ ប៉ុន្តែគួរឱ្យកត់សម្គាល់យន្ដហោះដ្រូនមិនទាន់ ស្គាល់ឈ្មោះនេះ មានលក្ខណៈពិសេសជាងយន្ដហោះដ្រូនផ្សេងៗ នៅត្រង់វាអាចបំពាក់កាំភ្លើងវែងពីលើ ជាអាវុធសម្រាប់ បញ្ជាឲ្យវាយប្រហារលើគោលដៅសត្រូវ​បាន។

គួរបញ្ជាក់ថា យន្ដហោះដ្រូនខាងលើត្រូវបានអភិវឌ្ឍឡើងដោយ​ការិយាល័យសិស្សរចនាយន្ដហោះនៃ វិទ្យាស្ថានអាកាសចរណ៍ទីក្រុងម៉ូស្គូ ក្រោមឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី អាល់មេសអានថេយ (Almaz-Antey) ដែលក្រុមហ៊ុនមួយដ៏ល្បីខាង​ផលិតអាវុធប្រឆាំងមីស៊ីល និងយន្ដហោះចម្បាំង៕