(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅថ្ងៃចន្ទនេះបានប្រកាសថា សម័យកាលអធិរាជថ្មី ឬសករាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា រៃវ៉ា «Reiwa» វិញ ហើយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នឹងពន្យល់ពីអត្ថន័យនៃ ពាក្យនេះបន្ថែមក្នុងពិធីថ្លែងសារមួយ ទៅកាន់ប្រជាជាតិជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

សម័យកាលអធិរាជថ្មីរបស់ជប៉ុន «Reiwa» ឬមានន័យថា «ភាពសុខដុម» នឹងត្រូវជំនួសសម័យកាលអធិរាជ ហ៊ៃសី «Heisei» ឬមានន័យថា «សន្តិភាពឈ្នះគ្រប់ទីកន្លែង» នៃប្រចៅអធិរាជបច្ចុប្បន្ន អាគីហ៊ីតុ (Akihito) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ នៅពេលដែលព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ក្លាយជាព្រះចៅអធិរាជថ្មី។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Naruhito នឹងចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិ តាមបែបប្រពៃណីធំមួយ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីព្រះចៅអធិរាជ Akihito ដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា បញ្ចប់សម័យកាលអធិរាជ Heisei ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ ១៩៨៩មក។

ព្រះចៅអធិរាជ Akihito នឹងក្លាយអធិរាជជប៉ុន ដំបូងគេបំផុត ដែលដាក់រាជ្យសម្បត្តិ ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ ហើយមូលហេតុចម្បងនៃការដាក់រាជ្យនេះ គឺដោយសារទ្រង់មានបញ្ហា ព្រះរាជសុខភាព ខណៈទ្រង់មានព្រះជន្មាយុ ៨៥ព្រះវស្សា ទៅហើយ និងមិនអាចទ្រាំទ្រនឹងរាជកិច្ចយ៉ាងច្រើនទៀតនោះឡើយ៕