(បរទេស)៖ ថ្ងៃ១ ខែមេសា «April Fool’s Day» ជាថ្ងៃនៃការកុហក ដែលប្រជាជននៅក្នុងប្រទេសលោកខាងលិច ចូលចិត្តលេងយ៉ាងសប្បាយ ដោយសារនៅក្នុងថ្ងៃទី១ ខែមេសា គេគ្រប់គ្នាអាចកុហក ឬព្រលយព័ត៌មានអ្វីក៏បាន ហើយអ្នកដែលរងនូវការកុហកមិនចាប់ទោស ឬខឹងសម្បារទៅវិញទៅមកជាមួយគ្នានោះទេ។

* ស្វែងយល់ពីថ្ងៃ១ ខែមេសា

ជនជាតិបារំាងប្រកាន់យកថ្ងៃ១ ខែមេសា ថាជាថ្ងៃកុហក់ ឬ គេហៅឈ្មោះ ថ្ងៃនេះម្យ៉ាងទៀតថា ថ្ងៃមេសាមុនល្ងង់ពួកគេកុហកភូតភរគ្នាបានយ៉ាងសប្បាយ ដោយគ្មានការប្រកាន់ទោសអូសដំណើរគ្នានោះទ្បើយ។ ប្រវត្តិរបស់ថ្ងៃកុហក April Fool’s Day គឺជាការនិយាយតៗគ្នាថា នៅក្នុងសម័យដើមពួកអឺរ៉ុបកំណត់យកថ្ងៃចូលឆ្នំាថ្មី ក្នុងខែមេសាដូចកម្ពុជាដែរ។ ប៉ុន្តែក្រោយមកគឺគេបានកំណត់យកថ្ងៃផ្សេងពីថ្ងៃទី១ ខែមេសាវិញ។

ការផ្លាស់ប្តូរនេះមានមនុស្សជាច្រើននៅតែមិនបានដឹង ក៏នៅតែសរសេរលិខិតជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃទី១ មេសា ដូចមុនដែរ។ រឿងនេះធ្វើឲ្យអ្នកដែលមកទម្លាប់ថ្មីក្នុងថ្ងៃទី១ ខែមករា (ចូលឆ្នាំសកល) តែងហៅក្រុមមនុស្ស ដែលនៅតែបន្តយកថ្ងៃទី១ មេសា ជាថ្ងៃចូលឆ្នំានោះថា «ពួកមេសា មុនល្ងង់» ក្នុងពេលនោះ ក៏មានការភូតកុហកគ្នាដោយមិនប្រាប់ពីការពិត ដើម្បីធ្វើឲ្យមានរឿងសើចលេង រហូតដល់ធ្វើឲ្យគេទទួលស្គាល់ថា ថ្ងៃទី១ ខែមេសា ជាទិវានៃការលេងសើចដោយការភូតកុហកតាមចិត្តដែលចង់។

* បណ្តាប្រទេសដែលចូលចិត្តលេងរបៀបនេះ

សហរដ្ឋអាមេរិក អង់គ្លេស បារំាង ស្កត់ទ្បែនដ៍ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត អាទ្បឺម៉ង ន័រវែស និងជប៉ុន ចូលចិត្តកុហកក្នុងថ្ងៃនេះណាស់។ «ថ្ងៃទី១មេសា ជាថ្ងៃភូតកុហក» មានប្រភពមកពីរឿងផ្សែងទៀត ដោយមានការនិយាយថា ពួករ៉ូមុំាងនៅក្នុងសម័យបុរាណមានទិវាមួយដែលគេហៅថា «Cerealia» ដែលគេប្រារព្ធក្នុងខែមេសា ដោយមានរឿងដំណាលថា មានអទិទេពព្រះនាម Ceres ទ្រង់បានលឺសំឡេងព្រះធីតា Proser pine ទ្រង់ស្រែកថា «ព្រះអង្គត្រូវរងការចាប់ខ្លួនឲ្យទៅនៅក្រោមផ្ទៃដី ដោយអាទិទេព Pluton (អង់គ្លេសហៅថា Pluto)»

អាទិទេព Ceres ទ្រង់យាងទៅតាមសំឡេងរបស់ព្រះធីតា (កូនស្រី) ក៏គ្មានការពិតសោះដែលប្រការនេះបានន័យថា ព្រះអង្គរងការភូតកុហក។ ប្រវត្តិថ្ងៃ១ ខែមេសា ជាថ្ងៃភូតកុហក April Fool’s Day កើតទ្បើងនៅក្នុងរដូចស្លឹកលាស់ត្រួយ ដោយមានរឿងតំណាលថា «នៅក្នុងរដូវស្លឹកឈើលាស់ មានពួកយុវជនចេញមកស្វែងរកសេចក្តីស្នេហា និងជារដូវនៃការលូតលាស់របស់រុក្ខជាតិ។ ចំណែកឯសត្វផ្សេងៗក៏ចេញមករកគូផងដែរ។

ក្នុងនាមអ្នកបួសជាបព្វជិត ក៏ព្យាយាមបោកបញ្ឆោតវិញ្ញាញអាក្រក់ដោយអស់សមត្ថភាព ដើម្បីទប់ស្កាត់កុំឲ្យវិញ្ញាញអាក្រក់ ចេញមករារំាងសេចក្តីស្នេហារបស់ ពួកយុវជន រុក្ខជាតិ និងសត្វ។ ដូច្នេះទើបមានការកំណត់យកថ្ងៃ១ ខែមេសា ជាថ្ងៃភូតកុហកដោយសារអ្នកបួសភូតកុហក លើវិញ្ញានអាក្រក់នោះតែម្តង។

គួរបញ្ជាក់ថា ថ្វីត្បិតតែទិវានេះត្រូវបាននិយមលេងដោយប្រទេសអ្នកមានជាច្រើនមែន ប៉ុន្តែសម្រាប់ប្រជាជននៅតាមបណ្តាប្រទេស​មួយចំនួនទៀត ក៏នៅតែរងការចាញ់បោកព័ត៌មាន នៃការភូតកុហកនានា ដែលធ្លាយចេញពីបណ្តាប្រទេសទាំងនោះ​ដដែល។ ហេតុដូច្នេះការផ្សាយអំពីអត្ថន័យនៃទិវាខាងលើនេះជារៀងរាល់ឆ្នាំ គឺជាការគូសបញ្ជាក់​ឲ្យសាធារណជន ​ដែលមិនទាន់មាន​ការស្វែងយល់ ឲ្យគេចចេញពីការចាញ់បោកការកុហកទាំងឡាយ នៅរៀងរាល់ថ្ងៃទី១ ខែមេសា៕

អត្ថបទស្រាវជ្រាវដោយ៖ លោក ស៊ិន សារុន