(ប៉េកាំង)៖ ថ្ងៃអាទិត្យម្សិលមិញ ចិនបានបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មីចុងក្រោយគេ ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅខេត្ត Sichuan ភាគនិរតីប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

ផ្កាយរណបខាងលើមានឈ្មោះថា Tianlian II-01 ត្រូវបានបាញ់បញ្ជូនឡើងទៅទីអវកាស កាលពីវេលាម៉ោងជិត១២យប់ថ្ងៃអាទិត្យ តាមរយៈគ្រាប់រ៉ុក្កែត Long March-3B ហើយបានទៅដល់ចំណុចទីតាំងដែលគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបនេះ គឺជា ផ្កាយរណបដំបូងគេ ក្នុងចំណោមក្រុមផ្កាយរណបតាមដាននិងបញ្ជូនទិន្នន័យ ជំនាន់ទីពីររបស់ចិន ដែលនឹងផ្តល់សេវាកម្មផ្សេងៗ រួមមានការបញ្ជូនទិន្នន័យ ការវាស់ស្ទង់ ការគ្រប់គ្រង និងការទាក់ទង សម្រាប់យានអវកាស ផ្កាយរណប និងគ្រាប់រ៉ុក្កែតជាដើម។

គួរជម្រាបថា ម្សិលមិញនេះ គឺជាបេសកម្មលើកទី១២៩ហើយ សម្រាប់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang និងជាបេសកកម្មលើកទី៣០១ សម្រាប់ស៊េរីគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March៕