(កាត្មាន់ឌូ)៖ ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយបានវាយលុកប្រទេសនេប៉ាល់នាថ្ងៃអាទិត្យ ដែលបានធ្វើឲ្យមនុស្សយ៉ាងតិច២៥នាក់ស្លាប់ និងប្រមាណ៤០០នាក់ទៀតរងរបួស។ នេះបើតាមនាយករដ្ឋមន្រ្តីនេប៉ាល់ លោក Khadga Prasad Oli ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក Oli ក៏បានឆ្លៀតឱកាសផ្ញើសារបង្ហាញពីសមានទុក្ខយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ។ បើតាមលោកនាយករដ្ឋមន្រ្តីនេប៉ាល់ តំបន់ដែលអាចមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរខ្លាំង គឺនៅសង្កាត់ Bara និង Parsa ភាគខាងត្បូងរដ្ឋធានីកាត្មាន់ឌូ។

គួរជម្រាបថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់នេប៉ាល់ផ្ទាល់ ចំនួនអ្នកស្លាប់អាចមានការកើនឡើងខ្ពស់ជាងនេះឆ្ងាយ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ ត្រូវគេរាយការណ៍ថាកំពុងតែប្រព្រឹត្តទៅនៅតាមតំបន់រងការប៉ះពាល់៕