(ព្យុងយ៉ាង)៖ ក្នុងការបញ្ចេញមតិជាផ្លូវការលើកដំបូង ជុំវិញករណីជនមួយបិទមុខក្រុម សម្រុកចូលលុកលុយស្ថានទូតរបស់ខ្លួន នៅប្រទេសអេស៉្បាញកាលពីខែមុន អ្នកតំណាងមួយរូបនៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា វាគឺជាសកម្មភាពវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។

អ្នកតំណាងក្រសួងការបរទេសកូរ៉េខាងជើង ក៏បានអំពាវនាវឲ្យមានការសង្កេតលើករណីនេះផងដែរ ហើយបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កំពុងតាមដានមើលស្ថានការណ៍យ៉ាងដិតដល់ ទាក់ទងនឹងការលើកឡើងថា ទីភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក ព្រមទាំងក្រុមប្រឆាំងកូរ៉េខាងជើង​មួយក្រុម ស្ថិតនៅពីក្រោយសកម្មភាពនេះ។ យ៉ាងណាមិញ ការស៊ើបអង្កេត គឺបានប្រព្រឹត្តទៅរួចជាស្រេចហើយនៅអេស៉្បាញ។

អ្នកតំណាងខាងលើបាននិយាយដូច្នេះទៀតថា «ការសម្រុកចូលនិងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការលួចយកព័ត៌មាន ក្នុងទីតាំងបេសកកម្មការទូត គឺជាការបំពានដ៏ធ្ងន់ធ្ងរមួយ​ចំពោះអធិបតេយ្យភាពរបស់ប្រទេសមួយ និងជាបទល្មើសជាក់ស្តែង ទៅនឹងច្បាប់អន្តរជាតិ ហើយទង្វើបែបនេះមិនគួរអត់ឱនឲ្យជាដាច់ខាត នៅជុំវិញពិភពលោក»

គួរជម្រាបថា កាលពីថ្ងៃពុធ តុលាការជាន់ខ្ពស់អេស្ប៉ាញ បានរកឃើញថា មេដឹកនាំម្នាក់នៃក្រុមជនមុខប្រមាណ១០នាក់ ដែលបានវាយប្រហារ និងសម្រុកចូលក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីដ កាលពីខែកុម្ភៈកន្លងទៅ គឺបានទាក់ទងជាមួយ FBI របស់អាមេរិក ដើម្បីប្រគល់ព័ត៌មានដែលពួកគេលួចបានពីស្ថានទូត ខណៈក្រុមប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាងហៅថា Free Joseon បានចេញមុខអះអាងថា ការចូលលុកលុយស្ថានទូតកូរ៉េខាងជើងនៅអេស៉្បាញ គឺជាទង្វើរបស់ពួកគេ៕