(ការ៉ាកាស់)៖ ទាំងក្រុមអ្នកគាំទ្រនិងក្រុមអ្នកប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា នាថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញមកប្រមូលផ្តុំគ្នា ខណៈបញ្ហាដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ស្ទើរតែនៅទូទាំងប្រទេស បានកើតមានឡើងម្តងហើយម្តងទៀត ក្នុងខែមីនានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។

ការប្រមូលផ្តុំគ្នានៃក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រព្រឹត្តទៅនៅឯរដ្ឋធានីការ៉ាកាស់ និងនៅតាមទីក្រុងធំៗដទៃទៀត ដើម្បីសម្តែងការប្រឆាំងចំពោះអ្វីដែលពួកគេចាត់ទុកថា ជាការវាយប្រហារដែលមានអាមេរិក នៅពីក្រោយខ្នង មកលើរដ្ឋាភិបាលនិងប្រព័ន្ធរចនាសម្ព័ន្ធរបស់វេណេស៊ុយអេឡា។

ទន្ទឹមគ្នានេះ បាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា ក្រោមការដឹកនាំរបស់មេបក្សប្រឆាំង គឺលោក Juan Guaido ក៏បានប្រព្រឹត្តទៅផងដែរនៅតំបន់មួយចំនួន រួមមានទីក្រុង Los Teques នៃរដ្ឋ Miranda ដែលជាមូលដ្ឋានស្នូលរបស់ក្រុមប្រឆាំងនៅវេណេស៊ុយអេឡា ព្រមទាំងនៅក្នុងសង្កាត់ La Candelaria និង Caricuao នៃទីក្រុងការ៉ាកាស់។

គួរជម្រាបថា បញ្ហាដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ បានចាប់ផ្តើមកើតមានឡើងនៅវេណេស៊ុយអេឡា កាលពីថ្ងៃទី០៧ ខែមីនា ខណៈប្រមាណជាងមួយសប្តាហ៍បន្ទាប់ក៏ត្រូវបានស្រោចស្រង់ឡើងវិញ ប៉ុន្តែមកដល់សប្តាហ៍នេះ រដ្ឋយ៉ាងតិច២០ ក្នុងចំណោមរដ្ឋទាំង២៣នៃប្រទេសអាមេរិកឡាទីនមួយនេះ ក៏បានជួបបញ្ហាដាច់ភ្លើងជាថ្មីម្តងទៀត។

ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ការការផ្តត់ផ្គង់ទឹក ដល់សេវាធ្វើដំណើរ ដល់បណ្តាញទូរស័ព្ទនិងអ៊ីនធើណែតជាដើម នៅស្ទើរពាសពេញផ្ទៃប្រទេសវេណេស៊ុយអេឡា។ ជុំវិញបញ្ហានេះ លោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសថា វាគឺជាស្នាដៃរបស់សហរដ្ឋអាមេរិក ដែលសំដៅដាក់សម្ពាធមកលើរដ្ឋាភិបាលលោក ខណៈលោក Guaido បានចោទថា វាគឺបណ្តាលមកពីការមិនចេះគ្រប់គ្រង និងអំពើពុករលួយ។ ដោយឡែកក្រុមអ្នកជំនាញ បានលើកឡើងថា បញ្ហានេះអាចបង្កឡើងដោយសារភាពទ្រុឌទ្រោមនៃ​​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសវេណេស៊ុយអេឡា៕