(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យធ្វើការកាត់ផ្តាច់រាល់កម្មវិធីជំនួយទាំងអស់ សម្រាប់ក្រុមប្រទេស «ត្រីកោណខាងជើង (ហ្គាតេម៉ា ហុងឌូរ៉ាស់ និងអែលសាលវ៉ាឌ័រ)» ជុំវិញបញ្ហាលំហូរចូលនៃជនអន្តោប្រវេសន៍ មកក្នុងប្រទេសសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។

ចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានបិទបញ្ចប់ការផ្តល់ជំនួយជាលុយទៅកាន់ ហ្គាតេម៉ាឡា ទៅកាន់ហុងឌូរ៉ាស់ និងទៅកាន់អែលសាលវ៉ាឌ័រហើយ គឺគ្មានលុយចេញទៅកាន់ប្រទេសនោះទាំងនោះទៀតឡើយ។ ជាមួយគ្នានេះដែរ លោក ត្រាំ បានចោទប្រទេសអាមេរិកកណ្តាលទាំងនេះថា មិនបានជួយអ្វីមកវិញសម្រាប់អាមេរិកនោះទេ។

បន្ទាប់មកទៀត លោកប្រធានាធិបតីអាមេរិកក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter រិះគន់ប្រជាជាតិទាំងបី រួមជាមួយនិង​ម៉ិចស៊ីកូ ដោយសារតែពួកគេបរាជ័យមិនអាចរារាំងលំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់មកក្នុងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ លោក ត្រាំ ក៏បានគំរាមបិទព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ីកូទាំងស្រុងឬមួយផ្នែកធំផងដែរ នាសប្តាហ៍ក្រោយ។

គួរជម្រាបថា ដោយសារភាពក្រីក្រ បទល្មើសផ្សេងៗ រួមទាំងអំពើពុករលួយ ហ្គាតេម៉ា ហុងដូរ៉ាស់ និងអែលសាលវ៉ាឌ័រ បានក្លាយជា ប្រភពចម្បងនៃជនអន្តោប្រវេសន៍ដែលព្យាយាមភៀសខ្លួនមកកាន់ទឹកដីអាមេរិក៕