(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃសៅរ៍ បានព្រមានសហរដ្ឋអាមេរិក អំពីការបន្តលូកដៃជ្រៀតជ្រែកលើបញ្ហាផ្ទៃក្នុង របស់វេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «យើងផ្តល់ជាអនុសាសន៍ថា អាមេរិកគួរតែបញ្ឈប់ការគំរាមកំហែង ការជិះជាន់សេដ្ឋកិច្ច និងការរុញច្រានវេណេស៊ុយអេឡា ឲ្យឆ្ពោះទៅរកសង្រ្គាមស៊ីវិល ដែលជាការរំលោភលើច្បាប់អន្តរជាតិទាំងបើកចំហទៀតទៅ»

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចេញប្រតិកម្មអវិជ្ជមានជាខ្លាំង នៅពេលរុស្ស៊ីបានបញ្ជូនកងទ័ពប្រមាណជិត១០០នាក់ ទៅកាន់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី២៣ ខែមីនា ដែលទីក្រុងម៉ូស្គូអះអាងថា ធ្វើឡើងក្រោមកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកយោធានិងបច្ចេកទេស។

ប្រទេសអាមេរិកឡាទីនមួយនេះ បានផុងខ្លួនក្នុងវិបត្តិនយោបាយដ៏តានតឹង ចាប់តាំងពីចុងខែមករា នៅពេលដែលមេបក្សប្រឆាំង លោក Juan Guaido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ហើយត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនចេញមុខទទួលស្គាល់៕