(ឡូសអាន់ជែឡែស)៖ ឧទ្ធម្ភាគចក្រដែលទីភ្នាក់ងារអវកាសអាមេរិក NASA គ្រោង យកទៅ កាន់ភពអង្គារនោះ នៅទីបំផុតបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ នូវប្រព័ន្ធដំណើរការ ស្វ័យប្រវត្តិ និងការហោះហើរជាក់ស្តែង ក្នុងលក្ខខណ្ឌដែលត្រូវបានបង្កើតឡើង ឲ្យស្រដៀង ទៅនឹងភពព្រះអង្គារតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

ការរៀបចំដំណើរការតេស្តរបស់វា ត្រូវបានចាប់ផ្តើមឡើងកាលពីចុងខែមករា ឆ្នាំ២០១៩ ៨ខែបន្ទាប់ពីការប្រកាសគម្រោងនៃការបញ្ជូនឧទ្ធម្ភាគចក្រខ្នាតតូចនេះ ទៅកាន់ភពព្រះអង្គារ ដែលនឹងបាញ់បញ្ជូនចេញពីផែនដីនៅអំឡុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ ខណៈដែលវា ត្រូវបានគេកំណត់មិនឲ្យមានទម្ងន់លើស ១.៨គីឡូក្រាមនោះឡើយ។

វានឹងក្លាយជាគ្រឿងយន្តហោះ ហើរ ខ្នាតតូច ដែលអាច បណ្តែត ខ្លួនវានៅក្នុងខ្យល់ អាកាស របស់ភពអង្គារ ហើយវាក៏ ជាគ្រឿងយន្តក្នុងការធ្វើតេស្ត ផងដែរថា តើអាចមាន យន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែល ស្តើងជាង បរិយាកាសផែនដី រហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។

បញ្ហា បច្ចេកទេស នៃការផលិតគ្រឿងយន្ត ដែលអាចហោះហើរបាននេះ ពិតជារឿងមួយ ដែលលំបាក ខណៈដែលអង្គការ NASA បានចំណាយពេលរហូតដល់ទៅជាង ៤ឆ្នាំ មកហើយសម្រាប់គំរោង មួយនេះ ដែលត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ តែបើជោគជ័យវិញ វានឹងក្លាយជាគុណ ប្រយោជន៍ ដ៏ធំធេង។ ឧទ្ធម្ភាគចក្រ គឺមាន ផ្ទុកទៅដោយថ្មប្រភេទ Lithium-ion ដែលអាច សាកបានដោយ ប្រើថាមពលព្រះអាទិត្យ ហើយវា ក៏មានបំបាក់ ម៉ាស៊ីនកម្តៅ ខ្លួនវាផងដែរ ដែលអាច តស៊ូបាននឹង ស្ថានភាពពេលយប់ ដែលអាកាសធាតុចុះត្រជាក់ ខ្លាំងបំផុត នោះ។

បន្ថែមពីលើ នេះទៀត គឺភពអង្គារមានទំនាញ ខ្សោយ និងបរិយាកាស ស្តើងមែនទែន ព្រមទាំងមាន ផ្ទុះធូលីដ៏ខ្លាំងក្លា ថែមទៀត ដូច្នេះវាពិតជា រឿងស្មុគស្មាញ ណាស់ ក្នុងការផលិតចេញនូវឧទ្ធម្ភាគចក្រ ដែលមាន ខ្នាតតូច តែអាច ចល័តខ្លួន លើ បរិយាកាសដែល ស្តើង ដែលអាច ទប់ទល់នឹង ព្យុះធូលីបែបនោះ។ ដូចដែល យើងដឹង ហើយថា សូម្បីពេល អាកាធាតុអាក្រក់ លើផែនដី ក៏ឧទ្ធម្ភាគចក្រខ្លះ លើផែនដី មិនអាចទាំង ទប់ទល់ បានផង ចុះទម្រាំព្យុះធូលីលើភព អង្គារ និងគ្មាន មនុស្ស បញ្ជា ផ្ទាល់នោះ?

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូន កាត់ខ្នាតតូច ខាងលើនេះ មានឈ្មោះ ថា MH (Mars Helicopter) គឺនឹងក្លាយ ជាជោគជ័យធំ មួយទៀតរបស់ អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សា ក្នុងវិធី ថ្មីប្លែកមិនធ្លាប់ មាន នោះគឺការហោះ ក្នុង បរិយាកាស មិនខុសពី ឧទ្ធម្ភាគចក្រ ឬដ្រូន ហោះ នៅក្នុងបរិយាកាស ផែនដីនោះ ឡើយ ព្រោះវានឹងអាចចល័ត ក្នុងខ្យល់ ទៅកាន់តំបន់ ផ្សេងៗ ដែលមាន ស្ថានភូមិសាស្ត្រ លំបាកៗ ដែលយានរុករក លើដីមិនអាច ចល័ត ទៅដល់៕