(ម៉ូស្គូ)៖ ខណៈដែលស្ថានការណ៍ក្នុងតំបន់កំពុងតែតានតឹងខ្លាំងនោះ ប្រទេសរុស្ស៊ី​បានបើកដំណើរការមជ្ឈមណ្ឌលមួយ ដែលមានបង្រៀនជំនាញបើកបរឧទ្ធម្ភាគចក្រ​ទំនើប នៅក្នុងប្រទេសវេណេស៊ុយអេឡាផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

ការបើកដំណើរការមជ្ឈមណ្ឌលខាងលើនេះ គឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាង​ក្រុមហ៊ុន រ៉ូសូបូរ៉ុន (Rosoboron Export) និងក្រុមហ៊ុនរដ្ឋវេណេស៊ុយអេឡា CAVIM។ មជ្ឈមណ្ឌល​នេះនឹងបង្វឹកអាកាយានិក ឬកងទ័ពអាកាសវេណេស៊ុយអេឡា ពីការបញ្ជាឧទ្ធម្ភាគចក្រ​ស៊េរីទំនើប Mi17V-5, Mi-35M និង Mi-26T ដែលជាផលិតផលរបស់រុស្ស៊ី។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់​ភាគីទាំងពីរវេណេស៊ុយអេឡា និងរុស្ស៊ី ឧទ្ធម្ភាគចក្រ​ខាងលើនេះ គឺប្រទេសវេណេស៊ុយអេឡា​ប្រើប្រាស់ដើម្បីបង្ក្រាបក្រុមរត់ពន្ធ តាមដានភ្លើងឆេះព្រៃ សង្គ្រោះទូទៅ និង​ជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះធម្មជាតិ​ជាដើម ខណៈការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ដែលពិបាកទៅដល់ ក៏ជារឿងចម្បង​ដែលប្រទេសអាមេរិកឡាទីនមួយនេះគិតគូរផងដែរ៕