(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Fox News បានរាយការណ៍ថា យន្ដហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិ ដាល់ឡែស (Dulles International Airport) បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ធំក្លិនសាំងបានភាយចេញមកក្រៅ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

យោងតាម Fox News ហេតុការណ៍ខាងលើបានកើតឡើងលើយន្ដហោះ Boeing 737 ដែលមានផ្លូវហោះហើរពីអាកាសយានដ្ឋាន បាល់ធីម័រ-វ៉ាស៊ីនតោន (Baltimore-Washington) ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ប៉ុន្តែយន្ដហោះនេះបានចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Dulles International Airport ក្នុងតំបន់ឡោដួន (Loudoun County) នៃរដ្ឋវ៉ឺជីនៀ (Virginia) រីឯអ្នកដំណើរជាច្រើននាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមអ្នកដំណើរម្នាក់ថ្លែងប្រាប់ Fox News រូបគេបានធុំក្លិនដូចជា ប្រេងសាំងភាយចេញមកក្រៅ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះចាកចេញពីព្រលានយន្ដហោះ។ តែយ៉ាងណាមិនទាន់មានការបញ្ជាក់ពី ឧប្បទ្ទវហេតុនេះនៅឡើយទេ។ ហេតុការណ៍ខាងលើនេះបានកើតមានឡើង ក្រោយពីអាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានសម្រេចផ្អាកការហោះហើរយន្តហោះ Boeing 737 MAX 8 និង MAX 9 ក្រោយករណីធ្លាក់យន្តហោះប្រភេទនេះនៅអេត្យូពី ដែលបានបង្កឲ្យវិស័យអាកាសចរណ៍ អន្តរជាតិរង្គោះរង្គើជាខ្លាំង៕