(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook បាននិយាយថា កំពុងរឹតបន្តឹងការ live video នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្រោយជនសង្ស័យភេរវករម្នាក់បាន live សកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស ៥០នាក់ នៅវិហារអ៊ីស្លាមចំនួន ០២ ក្នុងទីក្រុង ក្រៃស៍ឃឺត (Christchurch) ប្រទេសនូវែលសេឡង់កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ដែលជារឿងក្តៅគគុកមួយ។ នេះបើតាមលោកស្រី ហ្សែល សេនប៊ឺដ (Sheryl Sandberg) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

លោកស្រី Sheryl Sandberg ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់នៅលើសារមួយបង្ហោះលើ គេហទំព័រផ្ទាល់ខ្លួនដូច្នេះថា «ខណៈមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្ម យើងកំពុងបានវិធានការជា ០៣ដំណាក់កាល ក្នុងនោះមានដូចជារឹងបន្តឹងច្បាប់សម្រាប់ការប្រើប្រាស់ Facebook Live ចាត់វិធានការបន្ទាប់ដោះស្រាយការរើសអើង នានានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់យើង និងគាំទ្រដល់សហគមន៍នានាក្នុងប្រទេសនូវែលសេឡង់»

គួរជម្រាបថា បើតាមលោកស្រី Sandberg ក្រុមហ៊ុន Facebook ក៏នឹងហាមឃាត់មិនប្រើប្រាស់បណ្ដាញទំនាក់សង្គមរបស់ខ្លួនដែរ ចំពោះអ្នកទាំងឡាយណាដែលបង្ហោះសារ ឬវីដេអូមានលក្ខណៈហិង្សា រើសអើងពូជសាសន៍ ក្នុងគោលបំណងទប់ ស្កាត់កុំមានការវាយប្រហារភេរវកម្ម ដូចនៅនូវែលសេឡង់កើតឡើងជាថ្មីទៀត៕