(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រគល់រាល់អាវុធនុយក្លេអ៊ែរ និងកម្មវិធីអាវុធប្រល័យលោកទាំងអស់របស់លោក ឱ្យសហរដ្ឋអាមេរិក នៅអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងដោយផ្អែកលើកំណត់ហេតុមួយ បញ្ជាក់ពីសំណើរបស់លោក ត្រាំ ដែល ផ្ដល់ឱ្យលោក គីម កាលពីថ្ងៃ២៨ ខែកុម្ភៈនៅឯសណ្ឋាគារមេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ។ កំណត់ហេតុនេះអាចនិយាយបានថា គឺជាការបញ្ជាក់ជាលើកដំបូងពីទស្សនវិស័យរបស់​លោក ត្រាំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។

លើសពីនេះទៅទៀតកំណត់ហេតុនេះដដែលក៏បានឱ្យដឹងដែរថា ប្រធានាធិបតីអាមេរិករូបនេះបានស្នើឱ្យ​លោក គីម បំផ្លាញចោលរាល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ កម្មវិធីអាវុធគីមី និងអាវុធជីវសាស្រ្ត មីស៊ីលបាលិស្ទីគ ឧបករណ៍បាញ់មីស៊ីល រោងចក្រនុយក្លេអ៊ែរ ព្រមទាំងផ្លាស់ប្ដូរកម្មវិធីនុយក្លេអ៊ែរ​ទៅជាសកម្មភាពស៊ីវិលធម្មតាផងដែរ។

គួររំលឹកថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមបានបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងថា ខាងកូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនទទួលយកសំណើពីសហរដ្ឋអាមេរិក ខណៈសារព័ត៌មានខ្លះថា ភាគីទាំង ២ បានជួបភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង​លើការដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយនុយក្លេអ៊ែរទាំងស្រុងនោះ៕