(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកអាចនឹងបាត់បង់ទីផ្សារលក់អាវុធ នៅក្នុងប្រទេសតួកគី បើសិនជានៅតែបន្តពន្យារពេលប្រគល់យន្ដហោះចម្បាំង F-35 ពីព្រោះទីក្រុងអង់ការ៉ាអាចនឹងទិញយន្ដហោះចម្បាំងពីរុស្ស៊ីជំនួសវិញ។ នេះបើតាមសម្តីអ្នកវិភាគអន្តរជាតិមួយរូប ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

លោក វីកទ័រ ទីតូវគីន (Viktor Litovkin) ជាអ្នកវិភាគផ្នែកយោធាប្រចាំ ទីភ្នាក់ងារសារព័ត៌មាន TASS បានបញ្ជាក់ប្រាប់ RT យ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិកបរាជ័យ ក្នុងការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យតួកគី ពិតណាស់ទីក្រុងអង់ការ៉ាអាចនឹងទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ីជំនួសវិញ ហើយចង់ ឬមិនចង់ទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខ បាត់បង់ទីផ្សារលក់អាវុធដ៏សំខាន់មួយ នៅក្នុងប្រទេសតួកគី»

គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូប បានចាប់ផ្ដើមពិភាក្សាគ្នាពីសេចក្ដីព្រាងច្បាប់ មួយដែលអំពាវនាវឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកការប្រគល់យន្ដហោះចម្បាំង F-35 ចំនួន ១០០គ្រឿងដែលបាន ព្រមព្រៀងគ្នាជាមួយតួកគី រហូតដល់ទីក្រុងអង់ការ៉ាលុបចោលការទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។

តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានអះអាងដដែលជាដដែលថា នឹងមិនបោះបង់ចោលគម្រោងទិញ S-400 នោះទេ ហើយថាអាចនឹងពិចារណាទិញ S-500 នៅពេលអនាគតពីរុស្ស៊ីក៏ថាបាន ព្រោះកិច្ចព្រមព្រៀងត្រូវបានសម្រេចចេញរួចទៅហើយ ដែលប្រៀបបីដូចជាអង្ករបាន ក្លាយជាបាយទៅហើយនោះដែរ៕