(ញូដេលី)៖ សារព័ត៌មាន The Economic Times បានចេញផ្សាយរបាយការណ៍​ស៊ើបអង្កេត​ចុងក្រោយមួយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសឥណ្ឌា​​ទំនងជាបានច្រឡំបាញ់ទម្លាក់​ឧទ្ធម្ភាគចក្រយោធា Mi-17 V5 របស់ខ្លួនឯងនៅអំឡុងពេលព្យាយាម​ តាមបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

យោងតាម The Economic Times ឧទ្ធម្ភាគចក្រប្រភេទ Mi-17 V5 បានចាកចេញពីទីវាលមួយកន្លែងនៃទីក្រុង ស្រ៊ីណាហ្គា (Srinagar) នៅម៉ោងប្រមាណ ១០៖០០ព្រឹក (ម៉ោងនៅក្នុងតំបន់) ដើម្បីធ្វើបេសកកម្មជាទម្លាប់។ ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅម៉ោង ១០៖១០នាទីព្រឹកក្បែរស្រុក ចាំមូ (Jammu) និង បាដហ្គាំ (Budgam) នៃតំបន់កាស្មៀរ ដោយផ្ដាច់ជីវិតមនុស្សជិះនៅលើនោះ ទាំងអស់ ០៦នាក់ ដែលវាត្រូវបានគេសន្និដ្ឋានថា បានកើតឡើងនៅឡុងពេល​ប៉ាគីស្ថាន និងឥណ្ឌាផ្ទុះជម្លោះក្តៅគគុកនឹងគ្នា។

គួរបញ្ជាក់ថា យោធាឥណ្ឌាមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍ខាងលើនោះទេ តែបើតាម The Economic Times យោធាឥណ្ឌាកំពុងស៊ើបង្កេតលើករណីនេះ ដើម្បីកែលម្អ ឬពង្រឹងវិធានការបង្ការនានាកុំឱ្យគ្រោះថ្នាក់កើតឡើងជាថ្មី ខណៈដែល​ស្ថានការណ៍នៅតំបន់ព្រំដែនប្រទេសទាំងពីរ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នរៀងៗខ្លួន៕