(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិកបានប្រកាសឲ្យដឹងថា ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ទាំងអស់របស់ខ្លួន ត្រូវ បានផ្អាកមិនឲ្យធ្វើប្រតិបត្តិការ​ជាបណ្តោះអាសន្ន ដោយសារបញ្ហានៃប្រព័ន្ធឆ័ត្រយោង​​ទប់ល្បឿនពេលចុះចតរបស់យន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ទ័ពអាកាសសហរដ្ឋអាមេរិក យន្តហោះ B-1B Lancer នានាត្រូវបានបញ្ឈជើងជាបណ្តោះអាសន្នសិន ដើម្បីការធានាសុវត្ថិភាព បន្ទាប់បញ្ហាត្រូវបានរកឃើញ ក្នុងអំឡុងកិច្ចការត្រួតពិនិត្យជាប្រចាំមួយនាពេលថ្មីៗ ទាក់ទិនទៅនឹងប្រព័ន្ធបញ្ចេញឆ័ត្រយោងដើម្បីបន្ថយល្បឿន នៅពេលដែលយន្តហោះចុះចត។ នៅពេលបញ្ហាត្រូវបានដោះស្រាយរួច ពួកវានឹងត្រូវ ចាប់ផ្តើមធ្វើប្រតិបត្តិការឡើងវិញជាធម្មតា។

គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៨ ក្រុមយន្តហោះទម្លាក់គ្រាប់បែកខាងលើ ក៏ត្រូវបានផ្អាកប្រតិបត្តិការមួយរយៈពេលផងដែរ ក្រោយការរកឃើញមានបញ្ហា​ក្នុងប្រព័ន្ធសុវត្ថិភាពរបស់ពួកវា។ យន្តហោះ B-1B គឺជាយន្តហោះទម្លាក់​គ្រាប់បែកបែបយុទ្ធសាស្រ្ត ចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ហើយអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន ដែលបានចូលបម្រើការងារ​ក្នុងកងទ័ពអាកាសអាមេរិកតាំងតែពីឆ្នាំ១៩៨៥ មកម្ល៉េះ៕