(ម៉ូស្គូ)៖ នៅទីបំផុតរុស្ស៊ីបានទទួលស្គាល់ហើយថា ខ្លួនពិតជាបានបញ្ជូនក្រុមអ្នកបច្ចេកទេស​ទៅកាន់ប្រទេសវេណេស៊ុយអេឡាប្រាកដមែន ក្រោមកិច្ចព្រមព្រៀង​សហប្រតិបត្តិការយោធាមួយ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព នៅក្នុងតំបន់ដូចសហរដ្ឋអាមេរិក​លើកឡើងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

ការប្រកាសទទួលស្គាល់របស់ទីក្រុងម៉ូស្គូ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមាថា​លោកនឹងប្រើប្រាស់​គ្រប់មធ្យោបាយទាំងអស់ ដើម្បីឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួន ដែលត្រូវបានគេ រាយការណ៍មានចំនួនជិត ១០០នាក់ចេញពីវេណេស៊ុយអេឡា។ តែយ៉ាងនេះក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានអះអាងថា ក្រុមអ្នកបច្ចេកទេសរុស្ស៊ីស្ថិតនៅក្នុងទីក្រុងការ៉ាកាស់ គ្រាន់តែដើម្បីផ្ដល់ជំនួយ និងសេវាកម្ម ផ្គត់ផ្គង់អាវុធក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ដែរថា រុស្ស៊ីមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ ហើយក៏សង្ឃឹមថា ប្រទេសដទៃនឹងទុកឱ្យវេណេស៊ុយអេឡា គឺជាអ្នកសម្រេចចិត្តលើជោគវាសនារបស់ខ្លួន។

គួរបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា បានផ្ទុះឡើងជាថ្មីកាន់ខ្លាំង កាលពីខែមករាកន្លងទៅ ក្រោយមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា ដោយមាន ការគំាទ្រពីសហរដ្ឋអាមេរិក និងលោកខាងលិចភាគច្រើន ខណៈរុស្ស៊ី និងចិន រួមទាំងប្រទេសមិនមានទំនាក់ទំនងល្អ ជាមួយអាមេរិកនៅតែគំាទ្រ​ប្រធានាធិបតីបច្ចុប្បន្នលោក នីកូឡាស់ ម៉ាឌូរ៉ូដដែល៕