(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក លោក ដេវីដ ត្រេសធិនប៊ឺក (David Trachtenberg) បាននិយាយថា សហរដ្ឋអាមេរិក នឹងរក្សាសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរបង្ការទុកជាមុន នៅក្នុងករណីចាំបាច់ទីបំផុត​ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តពីការគំរាមកំហែងណាមួយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

លោក Trachtenberg ធ្វើការកត់សម្គាល់បែបនេះ​នៅក្នុងសេចក្ដីព្រាងសន្ទរកថាមួយ ដែលលោកនឹងត្រូវថ្លែងទៅកាន់ គណៈកម្មាធិការសេវាកម្មអាវុធ នៃព្រឹទ្ធសភាអាមេរិក​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្ដីព្រាងនេះដដែលបានបញ្ជាក់ដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនមិនមានគំរោងផ្លាស់ប្ដូរ ឬកែប្រែគោលនយោបាយវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរបង្ការទុកជាមុននោះទេ ព្រោះថាការធ្វើបែបនេះអាចនឹងធ្វើឱ្យ​សម្ព័ន្ធមិត្តបាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិក ដែលធ្លាប់បានអះអាងកន្លងថា រាល់សម្ព័ន្ធមិត្តរបស់ខ្លួននឹងត្រូវបានការពារយ៉ាងមានសុវត្ថិភាព»

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងមានភាពតានតឹងផ្នែកយោធា ក្រោយមហាអំណាចយោធាទាំង ២ សុទ្ធតែប្រកាសដកខ្លួនចេញពី​សន្ធិសញ្ញាមិនរីកសាយ​ភាយអាវុធមីស៊ីល-នុយក្លេអ៊ែរ (INF) ខណៈអ្នកជំនាញខ្លះព្រមានថា ការរត់ប្រណាំងសព្វាវុធនឹងផ្ទុះឡើងជាថ្មី ដែលនេះនឹងធ្វើឱ្យពិភពលោក ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់៕