(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯសេតវិមាននៅថ្ងៃទី១១ ខែមេសាខាងមុខនេះ ដើម្បីពិភាក្សាគ្នាពីស្ថានភាពវិវត្តន៍ចុងក្រោយរបស់កូរ៉េខាងជើង និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់សេតវិមានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេស វៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ។

គួរជម្រាបថា ក្រោយបរាជ័យកិច្ចប្រជុំនេះដែរ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបបានព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹង ពិចារណាអនុវត្តគោលនយោបាយនុយក្លេអ៊ែរ និងមីស៊ីលឡើងវិញ បើសិនជាសហរដ្ឋអាមេរិកមិនព្រមដក ឬបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ចទេនោះ៕