(ដាកា)៖ គ្រោះអគ្គីភ័យដ៏សន្ធោរសន្ធៅមួយ បានកើតឡើង នៅក្នុងអគារពាណិជ្ជកម្មមួយកន្លែង ក្នុងសង្កាត់ Banani នៃរដ្ឋធានីដាកា ប្រទេសបង់ក្លាដែសនាថ្ងៃព្រហស្បតិ៍នេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច០៥នាក់និងជាច្រើននាក់ទៀតរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់បង់ក្លាដែស ពេលហេតុការណ៍ខាងលើកើតឡើង មនុស្សម្នាបាននាំគ្នាស្រែកតាមបង្អួចសុំ ឲ្យគេជួយ ហើយខ្លះបានសម្រេចចិត្តលោតចេញពីជាន់ផ្សេងៗ នៃអគារដែលរងការឆាបឆេះ។ នៅក្នុងចំណោមអ្នកដែលបាត់បង់ជីវិត មាន០៣នាក់ស្លាប់ក្រោយលោតចេញពីលើអគារ ដើម្បីប៉ុនប៉ងធ្វើយ៉ាងណា ឲ្យរួចផុតពីចង្កូមនៃគ្រោះអគ្គីភ័យ។ ក្រៅពីនេះក៏មានអ្នករងរបួសជាច្រើននាក់ផ្សេងទៀតផងដែរ ប៉ុន្តែមិនដឹងចំនួនជាក់លាក់ឡើយ។

គួរជម្រាបថា បើតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យបង់ក្លាដែស អណ្តាតភ្លើងរីករាលដាលចេញពីជាន់ទី០៧នៃអគារខាងលើ ហើយរថយន្តពន្លត់អគ្គីភ័យនិងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបង្រ្កាបគ្រោះអគ្គីភ័យនេះ។ ដោយឡែក ពុំមានការបញ្ជាក់ជាផ្លូវការនោះទេ អំពីមូលហេតុនៃការកើតជាភ្លើងឆេះអគារពាណិជ្ជកម្មកម្ពស់១៩ជាន់នេះ៕