(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នាថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា មូលដ្ឋានទ័ពជើងអាកាស Ellsworth ដែល ស្ថិតក្នុងរដ្ឋ South Dakota ត្រូវ​បានជ្រើសរើស​ជាទីតាំងឈរជើងសម្រាប់​យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មី B-21 គ្រឿង ដំបូងគេ។ នេះបើ​តាម​ការ​ដក​ស្រង់​​ចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

ចំណែកឯមូលដ្ឋាន Whiteman នៅរដ្ឋ Missouri និងមូលដ្ឋាន Dyess នៅរដ្ឋតិចសាស់ នឹងត្រូវទទួលបានយន្តហោះ B-21 តាម​ក្រោយ​ទៀត​​ នៅពេលពួកវាអាចធ្វើប្រតិបត្តិការបាន។ ប្រមុខកងទ័ពអាកាសអាមេរិក លោកស្រី Heather Wilson បាន​​ប្រាប់ថា យន្តហោះទម្លាក់គ្រាប់បែក B-21 Raider គ្រឿងទីមួយ នឹងអាចធ្វើប្រតិបត្តិការបានជាផ្លូវការនៅអំឡុងពាក់ កណ្តាលទសវត្សរ៍​២០២០។

ទន្ទឹមនឹងនេះ កងទ័ពអាកាសអាមេរិក នឹងចាប់ផ្តើមឲ្យ​យន្តហោះទម្លាក់គ្រាប់បែកចាស់ៗដូចជា B-1 Lancers និង B-2 Spirits ចូលនិវត្តន៍​ នៅពេល B-21 ដែលអាចធ្វើប្រតិបត្តិការបានមានចំនួនគ្រប់គ្រាន់។ ប៉ុន្តែនឹងនៅបន្តរក្សា B-52 Stratofortesses នៅ​មូលដ្ឋាន Barksdale ក្នុងរដ្ឋ Louisiana និងនៅមូលដ្ឋាន Minot ក្នុងរដ្ឋ North Dakota។ B-52 នឹងត្រូវបន្តបំពេញបេសកកម្មរហូត​ដល់ឆ្នាំ២០៥០ គឺជិតមួយសតវត្សរ៍​ក្រោយពីវាធ្វើប្រតិបត្តិការជាលើកដំបូង​កាលពីឆ្នាំ១៩៥៥។

គួរជម្រាបថា ទម្លាក់គ្រាប់បែកជំនាន់ថ្មី B-21 Raider កំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ ក្រុមហ៊ុនអាមេរិក Northrop Grumman ហើយបើតាមការប៉ាន់ស្មានកាលពីឆ្នាំ២០១៦មកម្ល៉េះនោះ គឺវាមានតម្លៃជាងកន្លះពាន់លានដុល្លារក្នុងមួយគ្រឿង៕