(ម៉ូស្គូ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានបង្ហើបថា រដ្ឋាភិបាលរបស់លោកស្រី បានដាក់សំណើជាថ្មីទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្ដហោះចម្បាំង F-16V និងរថក្រោះ M1 Abrams យកមកពង្រឹងសមត្ថភាព​ការពារជាតិបន្ថែម នៅចំពោះមុខការគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ម្ដងហើយម្ដងទៀតពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០១៩។

លោកស្រី Tsai Ing-wen ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងបំពេញទស្សនកិច្ចក្រៅផ្លូវការ​ទៅកាន់កោះហាវ៉ៃ នៅក្នុងសប្ដាហ៍នេះ។ លោកស្រី Tsai ដែលកំពុងស្វះស្វែងបន្តកាន់តំណែង​ជាប្រធានាធិបតីមួយអាណត្តិទៀត​នៅឆ្នាំ២០២០ បានសង្កត់ធ្ងន់ទៀតថា យន្ដហោះចម្បាំង F-16V និងរថក្រោះ M1 Abrams នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់យោធាកោះតៃវ៉ាន់ ព្រមទាំងបង្ហាញប្រាប់​ពិភពលោកផងដែរថា សហរដ្ឋអាមេរិកពិតជាប្ដេជ្ញាចិត្តការពារកោះតៃវ៉ាន់ ដែល នឹងបង្កើនការចំណាយលើវិស័យយោធាឱ្យកាន់តែច្រើន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ធ្លាប់ដាក់សំណើទៅសហរដ្ឋអាមេរិកម្ដងរួចមកហើយ ដើម្បីទិញយន្ដហោះចម្បាំង F-16V មកបំពេញបន្ថែមលើកងកម្លាំងយន្ដហោះ F-16A/Bs ដែលមានស្រាប់។ ប៉ុន្តែសំណើនេះត្រូវបានរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បដិសេធព្រោះវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងចិត្ត និងសហរដ្ឋអាមេរិកកាលណោះ។ ប៉ុន្តែនៅពេលនេះស្ថានភាពគឺខុសគ្នា ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាននិងកំពុងដុតបញ្ហាឡើងជាច្រើន រួមទាំងលើវិស័យពាណិជ្ជកម្មជាមួយ​ទីក្រុងប៉េកាំង ដែលស្ថិតក្នុងគោលដៅ​បង្អាក់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រហ័ស របស់ប្រទេសចិនតែម្តង៕