(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិស្តីទីនៃសហរដ្ឋអាមេរិកលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានព្រមានបណ្ដាប្រទេសដទៃកុំឱ្យធ្វើតាមឥណ្ឌា ក្នុងការបាញ់សាកល្បងអាវុធកម្ទេចផ្កាយរណប ព្រោះថាវានឹងបង្កភាពចលាចល នៅលើទីអវកាស ដោយសារតែបំណែកកម្ទេចកម្ទីមីស៊ីល ឬផ្កាយរណប ដែលនៅសេសសល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋផ្លូរីដានៅថ្ងៃពុធសប្ដាហ៍នេះ លោក Shanahan ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកកំពុងសិក្សាស្រាវជ្រាវពីលទ្ធផលនៃមីស៊ីលឥណ្ឌា ដែលបានប្រើប្រាស់បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន នៅលើទីអវកាសក្នុងគន្លងកម្រិតទាប។ លោក Shanahan បានបន្ថែមដូច្នេះថា «សារដែលខ្ញុំចង់បញ្ជូននោះគឺ យើងទាំងអស់កំពុងក្នុងទីអវកាស ដូច្នេះកុំធ្វើឱ្យវាចលាចល និងអត់សណ្ដាប់ធ្នាប់។ ទីអវអាកាសគួរតែជាទីកន្លែងដែលយើងអាចធ្វើអាជីវកម្ម និងជាកន្លែងដែល មនុស្សមានសេរីភាពក្នុងការធ្វើប្រតិបត្តិការ»

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះឥណ្ឌាបានប្រកាសពីជោគជ័យ នៃការបាញ់សាកល្បងអាវុធកម្ទេចផ្កាយរណប ដែលនេះបានធ្វើឱ្យមហាយក្សអាស៊ីមួយនេះ កា្លយជាប្រទេសទី ៤ នៅលើពិភពលោកដែលមានសមត្ថភាព បាញ់កម្ទេចផ្កាយរណបបន្ទាប់ពី សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី៕