(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជម្រុញឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួនចេញពីវេណេស៊ុយអេឡា ជាមួយការព្រមានដោយប្រយោលថា ជម្រើសគ្រប់យ៉ាង ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ត្រៀមនៅលើតុរួចជាស្រេច ដើម្បីដោះស្រាយជាមួយប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសជួបជាមួយភរិយាមេបក្សប្រឆាំង វេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) គឺលោកស្រី ហ្វាប៊ីយ៉ាណា រ៉ូសាលស៍ (Fabiana Rosales) នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ។ លោក ត្រាំ បានលើកឡើង ដូច្នេះថា «រុស្ស៊ីត្រូវតែចាកចេញពីវេណេស៊ុយអេឡា»។ បន្ថែមពីនេះនៅពេលត្រូវ អ្នកសារព័ត៌មានសួរថា តើធ្វើដូចម្ដេចកងកម្លាំងរុស្ស៊ី ចាកចេញ ប្រធានាធិបតីអាមេរិក បាននិយាយថា អ្នកគ្រប់គ្នាបានឃើញព្រោះជម្រើសទាំងអស់ មាននៅលើតុរួច ជាស្រេច។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីមាន សេចក្ដីរាយការណ៍ថា កងកម្លាំងពិសេស និងអ្នកជំនាញព័ត៌មានវិទ្យារុស្ស៊ីជិត ១០០នាក់ ត្រូវបានបញ្ជូនទៅដល់ទីក្រុងការ៉ាកាស់ ដើម្បីផ្ដល់ជំនួយដល់លោក នីកូឡាស់ ម៉ាឌូរ៉ូ៕