(អូតាវ៉ា)៖ ទីបំផុតក្រុមហ៊ុន វ៉ៃធើរ៉ា (Viterra) បានក្លាយជាក្រុមហ៊ុននាំចេញផលិតផលដំណាំ ខាណូឡា (Canola) ទីពីរហើយរបស់កាណាដា ដែលត្រូវបានចិនហាមឃាត់​លែងឲ្យនាំចូលក្នុង​ប្រទេសខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

កន្លងទៅក្នុងខែមីនានេះ ក្រុមហ៊ុនកាណាដាមួយទៀតឈ្មោះថា រីឆាដសុន (Richardson International) ត្រូវបានជាប់បម្រាមស្រដៀងគ្នា នៅពេលរដ្ឋាភិបាលចិនបានប្រកាសថា អាជ្ញាធរខ្លួនបានរកឃើញមានវត្តមានសត្វល្អិតចង្រៃ ក្នុងផលិតផល Canola របស់ក្រុមហ៊ុន ដូច្នេះហើយបានសម្រេចផ្អាករាល់ការនាំចូលទាំងអស់ នៃផលិតផលដំណាំនេះ។ រីឯការដកអាជ្ញាបណ្ណនាំចូលរបស់ក្រុមហ៊ុន Viterra វិញត្រូវបានរដ្ឋបាលគយចិនអះអាងថា គឺមកពីហេតុផលដូចគ្នា។

បញ្ហាខាងលើនេះបានកើតមានឡើង នៅចំពោះមុខវិវាទផ្នែកការទូតរវាង​ប្រទេសចិន និងកាណាដា ដោយសារតែការចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុរបស់​ក្រុមហ៊ុនទូរគមនាគន៍​ដ៏ធំមួយរបស់ចិន នៅឯទីក្រុងវែនខូវើ (Vancouver) ប្រទេសកាណាដាកាលពីចុងឆ្នាំ​មុន តាមសំណើរបស់អាជ្ញាធរអាមេរិក។

គួរជម្រាបថា Canola គឺជាដំណាំរុក្ខជាតិមួយប្រភេទមានផ្កាពណ៌លឿង ដែលត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកស្រាវជ្រាវរបស់កាណាដាកាលពីទសវត្សរ៍ ៧០។ គ្រាប់របស់វាអាចយកទៅកិនឲ្យក្លាយជាប្រេងបរិភោគបាន និងកែច្នៃទៅជាផលិតផលផ្សេងៗ ហើយ សំបកគ្រាប់របស់វាក៏អាចយកធ្វើជា​ចំណីរបស់សត្វបានផងដែរ។ នៅលើពិភពលោកនេះ កាណាដាគឺជាប្រទេសដែលនាំចេញផលិតផលដំណាំ Canola ច្រើនជាងគេបង្អស់ ដោយមានចិនជាអតិថិជនធំបំផុតផងដែរ។

ទាក់ទិនស្ថានការណ៍ខាងលើ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមដោះស្រាយបញ្ហានេះ និងពិចារណាបញ្ជូនប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសចិន៕