(ម៉ូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក អាឡិចហ្សានដឺ គ្រូសកូ (Alexander Grushko) នាថ្ងៃពុធនេះបាននិយាយថា អង្គការ NATO កំពុងតែបង្កើនសកម្មភាព ឈ្លបយកការណ៍ នៅក្បែរព្រំដែនរបស់ប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទមួយនៅឯទីក្រុងម៉ូស្គូ លោក Grushko បានលើកឡើងយ៉ាងដូច្នេះថា «នៅក្រោមលេសនៃការគំរាមកំហែងរបស់រុស្ស៊ី NATO កំពុងបង្កើនវត្តមានរបស់ខ្លួន នៅអឺរ៉ុបខាងកើត និងនៅតាមតំបន់សមុទ្រខ្មៅ ហើយធ្វើសកម្មភាពឈ្លបការណ៍ កាន់តែច្រើនឡើងនៅតាមបណ្តោយព្រំដែនប្រទេសរុស្ស៊ី»

គួរជម្រាបថា បើតាមសារព័ត៌មានផ្លូវការរបស់យោធារុស្ស៊ី ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) យន្តហោះស៊ើបការណ៍បរទេសយ៉ាងតិច ២១គ្រឿង ត្រូវបានប្រទះឃើញ នៅក្បែរដែនអាកាសនៃប្រទេសរុស្ស៊ី ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្នុងខែមីនានេះ៕