(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Stef Blok នៅថ្ងៃពុធនេះបានឱ្យដឹងថាក្រុមមន្ត្រីហូឡង់ និងអូស្រ្តាលីបានជួប ជាមួយមន្ត្រីរុស្ស៊ី ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការស្វែងរកអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្ដហោះ MH17 របស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មនុស្សទាំងអស់២៩៨នាក់ជិះនៅលើយន្ដហោះ MH17 បានស្លាប់យ៉ាង អាណោចអាធ័ម ក្រោយយន្ដហោះនេះដែលហោះហើរក្នុងដំណើរផ្លូវពីទីក្រុង Amsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់នៅលើទឹកដីកាន់កាប់ដោយក្រុមឧទ្ទាមបំបែករដ្ឋអ៊ុយក្រែន គាំទ្រ ដោយរុស្ស៊ី។ ចំណែកឯ ២ភាគបីនៃជនរងគ្រោះគឺជាជនជាតិហូឡង់។

គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១៨ រដ្ឋាភិបាលហូឡង់ និងអូស្ត្រាលីធ្លាប់បានទម្លាក់ការទទួលខុសត្រូវនៃការបាញ់ទម្លាក់ យន្ដហោះ MH17 ទៅលើទីក្រុងម៉ូស្គូ ដោយសំអាងលើបំណែកគ្រាប់មីស៊ីល Buk ផលិតដោយរុស្ស៊ីដែលត្រូវបានគេរកឃើញនៅកន្លែងយន្ដហោះធ្លាក់។ ប៉ុន្តែ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានទាត់ចោលការចោទប្រកាន់នេះ៕