(ម៉ូស្គូ)៖ ការដាក់ទណ្ឌកម្មប្រេងប្រឆំាងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា​អាចនឹងជួយឱ្យសហរដ្ឋអាមេរិកដណ្ដើមយកទីផ្សារប្រេង ពីប្រទេសទាំង២នេះ ក្នុងនាមជាប្រទេសផលិតប្រេង។ នេះបើតាមលោក Omid Shukri Kalehsar ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

លោក Kalehsar ដែលជាអ្នកជំនាញផ្នែកថាមពលឯករាជ្យម្នាក់មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ក៏បានសង្កត់ធ្ងន់ ដែរថាការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នាពេលថ្មីៗនេះ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នឹងធ្វើឱ្យការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ធ្លាក់ចុះ ខណៈវេណេស៊ុយអេឡាកំពុងជួបវិបត្តិស្រាប់ ក្រោយទីក្រុងវ៉ាស៊ីនតោនព្រមានបណ្ដាប្រទេសដទៃកុំឱ្យទិញប្រេងពីប្រជាជាតិអាមេរិកឡាទីនមួយនេះ។

គួរបញ្ជាក់ថា បើតាមអង្គការ Joint Organisations Data Initiative អស់រយៈពេលជាង១១ខែមកនេះ បច្ចុប្បន្ន សហរដ្ឋអាមេរិកបានក្លាយជាប្រទេសនាំមុខគេនៅក្នុងការផលិតប្រេងប្រចាំខែ ហើយព្រមពេលជាមួយគ្នា ការផលិតប្រេង របស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ២០១៩ មាន១១.៨៨១លានបារ៉ែលក្នុងមួយថ្ងៃ ធៀបទៅនឹង១១.៨៤៩លាន បារ៉ែលក្នុងមួយថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០១៨៕