(បាងកក)៖ មេដឹកនាំគណបក្សភឿថៃលោកស្រី ស៊ូដារ៉ាត់ ឃីយួរ៉ាផាន់ (Sudarat Keyuraphan) នៅព្រឹកថ្ងៃពុធនេះបានប្រកាសថា ក្រុមចំរុះប្រឆាំងរបបយោធា ប្រមូលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ២៥៥អាសនៈពីគណបក្សចំនួន ៧ ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅមុនខនេះបន្តិចនៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

ការប្រកាសខាងលើរបស់លោកស្រី Sudarat ធ្វើឡើងបន្ទាប់ពីមេដឹកនាំសំខាន់ៗ នៃគណបក្សទាំងនេះ បានជួបប្រជុំគ្នានៅឯ សណ្ឋាគារ ឡានខេស្ទើ (Lancaster Hotel) ក្នុងទីក្រុងបាងកក កាលពីម៉ោង១០៖០០នាទីព្រឹកនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រីបានបញ្ជាក់ទៀតថា ការប្រមូលផ្ដុំកម្លាំងគ្នានេះ មានគោលបំណងរារាំងមិនឱ្យរបបដឹកនាំយោធា បន្តកាន់អំណាច ខណៈកិច្ចចរចានៅតែបន្តធ្វើឡើង សំដៅរកការគាំទ្រពី គណបក្សដទៃទៀត។

ដោយឡែកមេដឹកនាំគណបក្សអនាគតទៅមុខ (Future Forward) លោក ថាណាថន ជូងរួនក្រងឃីត (Thanathorn Joongruangruangkit) ថែមទាំងបានសម្ដែងការគាំទ្រឱ្យលោកស្រី Sudarat ក្លាយជានាយករដ្ឋមន្ត្រី ទៀតផង។

តែទោះជាយ៉ាងនេះក្ដី គណបក្សគាំទ្រយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ផាឡាងប្រាឆារ៉ាត (Palang Pracharath) នៅតែបញ្ជាក់ជំហរដដែល ក្នុងការបង្កើតរដ្ឋាភិបាល ចំរុះ ដោយផ្អែកលើសំឡេងបោះឆ្នោត Popular vote ដែលខ្លួនទទួលបានចំនួន ៧.៦លានសំឡេង រីឯគណបក្សភឿថៃបានតែ ៧.២លានសំឡេង។ ប៉ុន្តែ លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងដែរថា នៅតែមានសង្ឃឹម ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ស្របពេល យោធាមានសំឡេង ២៥០ស្រាប់នៅក្នុងព្រឹទ្ធសភា ដែលនឹងចូលរួមជាមួយសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

មួយវិញទៀត គណបក្សប្រជាធិបតេយ្យដែលមានអាសនៈ ៥៥ បានជំទាស់ចូលរួមនឹងគណបក្សភឿថៃ ហើយបើទោះជាគណបក្សទាំង ៧ ដឹកនាំដោយគណបក្សភឿថៃ រួមបញ្ចូលគ្នាជាក្រុមចំរុះទទួលបានសំឡេងសរុប ២៥៥អាសនៈ ដែលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលក៏ដោយ ប៉ុន្តែវានៅឆ្ងាយពីសំឡេង ៣៦៧ ដែលតម្រូវក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា គណបក្សដែលបានចូលរួមជាមួយភឿថៃ ក្នុងនោះរួមមាន Future Forward, សេរីរួមថៃ (Seri Ruam Thai), ភឿឆាត (Puea Chat), ប្រាចឆាត (Prachchat) និងគណបក្ស ផាឡាងភួងឆុនថៃ (Phalang Puangchon Thai)។ ចំណែកឯ គណបក្ស សេដ្ឋកិច្ចថ្មី (New Economics) ទោះបីជាមិនបានចូលរួមកិច្ចប្រជុំ តែត្រូវបានគេមើលឃើញថា នឹងចូលរួមក្នុងក្រុមចំរុះដឹកនាំដោយបក្សភឿថៃនេះដែរ៕