(វ៉ាស៊ីនតោន)៖ យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines បានជួបបញ្ហាម៉ាស៊ីនក្រោយហោះបានបន្តិច ហើយក៏បានចុះចតយ៉ាងបន្ទាន់នៅទីក្រុង អូឡេនដូ (Orlando) ក្នុងពេលកំពុងឆ្ពោះទៅកាន់ រដ្ឋកាលីហ្វរញ៉ាដើម្បីបញ្ឈរជើង ចំពោះមុខការហាមឃាត់ប្រតិបត្តិការជាបណ្តោះអាសន្ន នៃយន្តហោះម៉ូដែលនេះជាសកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

អាកាសចរណ៍ Southwest Arilines បានបញ្ជាក់ថា យន្តហោះនោះមិនមានដឹកអ្នកដំណើរឡើយ ហើយបញ្ហាខាងលើពុំមានទាក់ទង ទៅនឹងប្រព័ន្ធកុំព្យូទ័រលើយន្តហោះស៊េរី 737 MAX ដែលបានស្ថិតក្រោមការសង្ស័យ ក្រោយករណីធ្លាក់យន្តហោះម៉ូដែលនេះ នៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពីកាលពីប៉ុន្មានសប្តាហ៍មុននោះឡើយ។

គួរជម្រាបថា ដោយសារការធ្លាក់យន្តហោះទាំងពីរករណីខាងលើ Boeing 737 MAX 8 ត្រូវបានបញ្ឈរជើងចោលនៅជុំវិញពិភពលោក ដោយក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរអាកាសចរណ៍នានា កំពុងរង់ចាំលទ្ធផលស៊ើបអង្កេត។ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានផ្អាកប្រតិបត្តិការយន្តហោះម៉ូដែលនេះ ប៉ុន្តែបានអនុញ្ញាតឲ្យអាកាសចរណ៍អាមេរិកទាំងឡាយ ធ្វើការហោះហើរដោយពុំមានអ្នកដំណើរ ដើម្បីផ្លាស់ទីយន្តហោះ 737 MAX 8 របស់ពួកគេទៅកាន់អាកាសយានដ្ឋានផ្សេងៗ៕