(បាងកក)៖ ប្រជាជនថៃរាប់សែននាក់ ដែលជាអ្នកប្រើប្រាស់អ៊ីនធឺណែត បាននាំចុះហត្ថលេខាលើញ្ញតិមួយ តាមរយៈគេហទំព័រ change.org ដោយអំពាវឱ្យមានការ «រំលាយគណៈកម្មការរៀបចំការបោះឆ្នោតថៃ» បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៤ កន្លងទៅ ដែលក្រុមអ្នករៀបចំដាក់ញ្ញតិនេះធ្វើការប្រកាន់ថា បានប្រព្រឹត្តទៅដោយមានការលួចក្លែងបន្លំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញ ប្រជាជនថៃជិត ៦៦០,០០០នាក់ បានចុះហត្ថលេខាលើញ្ញតិតាមប្រព័ន្ធ Online ខាងលើដោយភ្ជាប់ជាមួយការអំពាវនាវ ឱ្យដកតំណែងសមាជិកគណៈកម្មាការបោះឆ្នោតទាំងអស់។ បន្ថែមពីលើនេះញ្ញតិ នេះទៀតសោតក៏មានគោលដៅសំខាន់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប្រឆាំងនឹងមន្ត្រីកំពូលៗទាំង ៥ នៃគណៈកម្មការបោះឆ្នោតថៃ ក្នុងនោះរួមមានទាំងប្រធានផងដែរ។

បើតាមក្រុមអ្នករៀបចំយុទ្ធនាការ ញ្ញតិខាងលើនឹងត្រូវដាក់ជូនប្រធានព្រឹទ្ធសភា ជាមួយការរំពឹងទុកថា លោក ប្រធាននឹងស្នើដល់គណៈកម្មការ ប្រឆាំងអំពើពុករលួយ ដឹកនាំការស៊ើបអង្កេតមួយលើមន្ត្រីជាន់ខ្ពស់ទាំង ៥នាក់ខាងលើនេះ។ ប៉ុន្តែ បើតាមច្បាប់កំណត់របស់ថៃ សភាជាន់ខ្ពស់ត្រូវការការគាំទ្រយ៉ាងហោចណាស់ ៦០ភាគរយនៃសមាជិករបស់ខ្លួន ដើម្បីរំលាយគណៈកម្មការរៀបចំ ការបោះឆ្នោតធ្វើសេចក្តីសម្រេចអ្វីមួយ។

គួរបញ្ជាក់ថា គណៈកម្មការបោះឆ្នោតថៃកាលពីថ្ងៃចន្ទម្សិលមិញនេះ បាន ធ្វើការ ពន្យារ ពេលធ្វើការប្រកាសលទ្ធផលបឋម ដែលពីដំបូងឡើងគ្រោងធ្វើនៅវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃដដែល ប៉ុន្តែត្រូវបានពន្យារទៅម៉ោង ២៖០០នាទីរសៀល ហើយ ជាចុងក្រោយគឺនៅវេលាម៉ោង ៤ ៖០០នាទីរសៀលថ្ងៃចន្ទដដែលនោះ គណៈកម្មការ បាន ចេញមុខប្រកាសថា លទ្ធផលបឋមពេញលេញនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ។

ជុំវិញការប្រកាសពន្យារពេលជាច្រើនលើ និង ភាពមិនប្រក្រតីជាច្រើនទៀតនោះ លទ្ធផល មិនទាន់ផ្លូវការបានបង្ហាញថា គណបក្ស ដែលទទួលបានការគាំទ្រ ច្រើនជាងគេ បំផុត គឺគណបក្សភឿថៃដែលស្និទ្ធនឹងលោក ថាក់ស៊ីន សរុបចំនួន ១៣៧អាសនៈ, Palang Pracharat របស់លោក ប្រាយុទ្ធ ទទួលបាន ១១៧អាសនៈ, គណបក្សអនាគតថ្មី (Future Forward Party) ទទួលបាន ៨០អាសនៈ និងគណបក្ស ប្រជាធិបតេយ្យរបស់ លោក អាប់ភីស៊ីត ទទួលបាន ៥៣អាសនៈ។ អ្នកវិភាគនានាបានព្រមានថា លទ្ធផល បែបនេះ នឹងធ្វើឲ្យប្រទេសថៃ ពិបាកបង្កើតរដ្ឋាភិបាលថ្មីខ្លាំងណាស់៕