(ឡុងដ៍)៖ សាស្រ្តចារ្យផ្នែកនយោបាយម្នាក់បានលើកឡើងថា ការបិទបញ្ចប់ជាស្ថាពរនូវ ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក អាចនឹងជួយត្រួសត្រាយផ្លូវ​ដើម្បីឲ្យប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បន្តជាប់ឆ្នោត នៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ក្រោយការស្រាវជ្រាវអស់រយៈពេល ២២ខែ រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ទីបំផុតបានបញ្ចប់ជាស្ថាពរនូវរបាយការណ៍របស់លោក ជុំវិញការស៊ើបអង្កេតលើរឿងអាស្រូវធំមួយ ដែលបានចោទថារុស្ស៊ី លូកដៃក្នុងកិច្ចការឆ្នោះអាមេរិកឆ្នាំ២០១៦ ហើយក្នុងរបាយការណ៍នេះ​ពុំបានរកឃើញថា លោក ត្រាំ ឬក៏សមាជិកណាម្នាក់ នៅក្នុងក្រុមយុទ្ធនាការបោះឆ្នោត​របស់លោក បានគុបគិតជាមួយរុស្ស៊ី ដើម្បីជះឥទ្ធិពលលើលទ្ធផលនៃ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​ឆ្នាំ២០១៦ឡើយ។

គួរជម្រាបថា បើតាមលោក ក្លូដាក ហារីងតុន (Clodagh Harrington) ដែលជាសាស្រ្តាចារ្យជំនាញផ្នែកនយោបាយ នៃសាកលវិទ្យាអង់គ្លេស ម៉ុនហ្វត (Montfort) បានលើកឡើង លទ្ធផលនៃការស៊ើបអង្កេតខាងលើនឹងជួយលោក ដូណាល់ ត្រាំ បង្កើនការគាំទ្រក៏ដូចជាឱកាសសម្រាប់ឲ្យលោក បន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក​មួយអាណត្តិទៀត ដែលមានន័យថាលោកមានភាគរយច្រើន ក្នុងការឈ្នះឆ្នោតម្តងទៀតនៅឆ្នាំ២០២០ ខាងមុខ៕