(ម៉ារ៉ុក)៖ សារព័ត៌មានម៉ារ៉ុក Medias24 នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានរាយការណ៍ថា រដ្ឋាភិបាលម៉ារ៉ុកនឹងទិញអាវុធមានតម្លៃ ៣.៧៨ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ផ្អែកលើសេចក្ដីថ្លែងការណ៍របស់ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក សារព័ត៌មាន Medias24 បានបញ្ជាក់ទៀតថា កិច្ចសន្យាទិញអាវុធខាងលើ ក្នុងនោះរួមមានបញ្ចូលទាំងការទិញ យន្ដហោះចម្បាំង F-16 ស៊េរី D Block 72 ចំនួន ២៥គ្រឿង និងបរិក្ខាពាក់ព័ន្ធដទៃទៀតពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសម៉ារ៉ុកដែលស្ថិតនៅតំបន់អាហ្វ្រិកភាគពាយ័ព្យនោះ បច្ចុប្បន្ន មានយន្ដហោះ F-16 ចំនួន ២៣គ្រឿងទៅហើយ។ ក្នុងនាមជាប្រជាជាតិអារ៉ាប់ធំបំផុតទី ៥ លើសកលលោក (ប្រជាជនចំនួនជិត ៣៥លាននាក់) ប្រទេសម៉ារ៉ុកគឺជា សម្ព័ន្ធមិត្ត មួយ ដែរ របស់សហរដ្ឋអាមេរិក ដែលបានផ្សារភ្ជាប់ទំនាក់ទំនងផ្លូវការរវាងគ្នា តាំងតែពីឆ្នាំ១៧៨៧មកម្ល៉េះ៕