(រីយ៉ាដ)៖ កងកម្លាំងយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងបន្តធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាស ក្នុងសង្រ្គាមនៅយេម៉ែន នាថ្ងៃចន្ទ បានចុះកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីផ្តល់ការការពារដល់កុមារ នៅក្នុងប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត Saudi Press Agency ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ ត្រូវបានធ្វើឡើងរវាងមេបញ្ជាការនៃកងកម្លាំងចម្រុះ លោក Fahad Abdulaziz និង អ្នកតំណាងពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាកុមារនិងជម្លោះប្រដាប់អាវុធ លោកស្រី Virginia Gamba នៅឯរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមគោលដៅពង្រឹងការការពារនៃកុមារ ដែលបានទទួលរងការប៉ះពាល់ ក៏ដូចជាទុក្ខវេទនា ដោយសារតែសង្រ្គាមនៅក្នុងប្រទេសយេម៉ែន។

គួរជម្រាបថា សង្រ្គាមដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែន ដើម្បីប្រឆាំងក្រុមឧទ្ទាម Houthi ដែលគាំទ្ររដ្ឋាភិបាលយេម៉ែននិរទេស បាន ឈានចូលឆ្នាំទី៤ហើយ នៅថ្ងៃអង្គារនេះ ខណៈដែលការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥៕