(ហុងកុង)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នាថ្ងៃចន្ទនេះបាននិយាយថា លោកបានដឹងមុនច្បាស់ណាស់ថា របបសឹកថៃដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺចង់តែនៅបន្តក្តោបក្តាប់អំណាច ប៉ុន្តែលោកនឹកស្មានមិនដល់ឡើយថា រដ្ឋាភិបាលយោធាហ៊ានដល់ត្រៀមលក្ខណៈបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នៅយប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

ទាក់ទិននឹងការពន្យារពេលបញ្ចេញលទ្ធផលឋបមនៃការបោះឆ្នោត តាំងពីយប់ថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទនេះ លោក ថាក់ស៊ីន បានលើកឡើងថា វាពុំធ្លាប់មានការពន្យារពេលរបៀបនេះឡើយ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនាសម័យទំនើបរបស់ប្រទេសថៃ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលយោធាកំពុងតែមានការភ័យខ្លាច។

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានបន្តថា នៅតាមតំបន់មួយចំនួន, ចំនួនសន្លឹកឆ្នោតហាក់ដូចជា លើសពីចំនួននៃអ្នកបោះឆ្នោត ខណៈតំបន់ខ្លះទៀត អត្រានៃអ្នកទៅបោះឆ្នោតត្រូវគេរាយការណ៍ថា មានចំនួនដល់ទៅ២០០ភាគរយ។ ក្រៅពីនេះលទ្ធផលសម្រាប់មណ្ឌលខ្លះ ដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតជាតិ គឺមិនត្រូវគ្នាជាមួយ លទ្ធផលដែលរាយការណ៍ ដោយក្រុមមន្រ្តីសង្កេតការណ៍បោះឆ្នោត។

ម៉្យាងវិញទៀត សន្លឹកឆ្នោតក្នុងចំនួនយ៉ាងច្រើន ត្រូវបានគេចាត់ទុកជាមិនបានការ ដែលជារឿងគួរឲ្យសង្ស័យ ហើយក៏មានសេចក្តីរាយការណ៍ផងដែរថា សន្លឹកឆ្នោតខ្លះវិញ ទោះបីពុំត្រូវបានគូសសញ្ញាដោយត្រឹមត្រូវក្តី ត្រូវបានរាប់បញ្ចូលទៅក្នុងសំឡេងឆ្នោតរបស់គណបក្ស Palang Pracharat ដែលស្និទ្ធជាមួយរបបយោធា។

លោក ថាក់ស៊ីន បានបញ្ជាក់ថា ទោះកំហុសឆ្គងទាំងនេះ ក្រោយមកត្រូវបានកែតម្រូវក៏ដោយ តែក៏ពុំមែនមានន័យថា វាគ្មានការចូលជ្រៀតជ្រែកស៊ីជម្រៅពីរបបសឹកនោះដែរ ព្រោះរដ្ឋាភិបាលយោធា គឺជាអ្នកដែលបានតែងតាំង គណៈកម្មការរៀបចំការបោះឆ្នោត ហើយកន្លងមកធ្លាប់បានចូលលូកដៃក្នុងកិច្ចការ របស់ស្ថាប័នក៏ដូចជាគ្រឹះស្ថានជាច្រើន ដែលត្រូវដើរតួនាទីឯករាជ្យ។

បើតាមលោក ថាក់ស៊ីន មិនតែប៉ុណ្ណោះ របបសឹកថែមទាំងបានកែប្រែរដ្ឋធម្មនុញ្ញដើម្បីយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនពោលគឺ ប្រទេសថៃហាក់មិនអាចកែប្រែ ច្បាប់ព្រហ្មទណ្ឌចាស់ហួសសម័យ ឬសូម្បីតែច្បាប់នៃការចុះបញ្ជីរថយន្តរបស់ខ្លួនបានទេ តែអាចកែប្រែរដ្ឋធម្មនុញ្ញបានទៅវិញ។ លើសពីនេះច្បាប់បោះឆ្នោតត្រូវបានកែសម្រួល ដើម្បីធ្វើឲ្យគណបក្សធំៗចុះទន់ខ្សោយ ហើយអនុវត្តន៍ស្តង់ដាពីរសម្រាប់ការកំណត់លើបុគ្គលដែលអាចឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី។

លោក ថាក់ស៊ីន បានបន្ថែមថា ទោះខណៈនេះរបបសឹកថៃនឹងអនុញ្ញាឬក៏មិនអនុញ្ញាតឲ្យ ក្រុមគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កើត រដ្ឋាភិបាល រដ្ឋាភិបាលយោធានឹងស្វែងរកមធ្យោបាយដើម្បីបន្តនៅធ្វើជាអ្នកគ្រប់គ្រងអំណាចដដែល។ លោក ថាក់ស៊ីន បញ្ជាក់ថា អ្វីដែលលោកបានលើកឡើងទាំងអស់នេះ គឺពុំមែនចង់ឲ្យ គណបក្សនេះឈ្នះ ឬគណបក្សនោះចាញ់ឡើយ ប៉ុន្តែគឺមិនចង់ឲ្យប្រជាជាតិថៃទាំងមូលចាញ់។ តាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ មេដឹកនាំមានពេលត្រូវឡើង និងពេលត្រូវចុះពីអំណាច ប៉ុន្តែរបបសឹកនេះគឺបានត្រៀមខ្លួនរួចស្រេច ដើម្បីបំផ្លាញប្រព័ន្ធនេះ ព្រោះតែដើម្បីរក្សាអំណាចរបស់ខ្លួន។

ជាចុងក្រោយ លោក ថាក់ស៊ីន បានសង្កត់ធ្ងន់ថា ប្រសិនបើច្បាប់នៃការប្រកួតប្រជែង ឬក៏អាជ្ញាកណ្តាល គ្មានមួយណាមានតម្លាភាពទេនោះ លទ្ធផល នឹងពុំទទួលបានការគោរពឡើយ គឺមិនថាពីសំណាក់ប្រជាជនថៃផ្ទាល់ ឬពីអន្តរជាតិនោះទេ។ លោក ថាក់ស៊ីន បាននិយាយថា ប្រទេសថៃសព្វថ្ងៃត្រូវការរដ្ឋាភិបាលមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្ត មិនមែនឆន្ទៈរបស់របបយោធាឡើយ ប៉ុន្តែនេះជាពេលវេលាអាក្រក់ និងសោកសៅមួយសម្រាប់ប្រទេសរបស់លោក៕