(បាងកក)៖ នៅទីបំផុតគណៈកម្មការបោះឆ្នោតជាតិថៃ បានធ្វើការពន្យារពេលជាថ្មី ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈគណបក្សភឿថៃ បានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំ បង្កើតរដ្ឋាភិបាលចំរុះ ជាមួយគណបក្សនានា ដែលមាន គោលដៅនយោបាយដូចខ្លួន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

គណៈកម្មការរៀបចំការបោះឆ្នោតថៃក៏បានបញ្ជាក់ដែរថា ខ្លួននឹងប្រកាសពីលទ្ធផលនៃគណបក្សដែលទទួល ជ័យជម្នះក្នុងចំណោមអាសនៈរដ្ឋសភាទាំង ៣៥០ នៅល្ងាចថ្ងៃចន្ទនេះ។ ប៉ុន្តែលទ្ធផលបឋមទាំងស្រុង ដែលចាំបាច់ក្នុងការកំណត់ថា គណបក្សណាទទួលបានកៅអីច្រើនជាងគេនៃអសនៈសភា ១៥០ ទៀតអាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ ឬរហូតដល់ថ្ងៃសុក្រសប្តាហ៍។

ចំណែកឯ​គណបក្សភឿថៃ ដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានប្រកាសថា ខ្លួនទទួលបានអាសនៈភាគច្រើនក្នុងចំណោមអាសនៈរដ្ឋសភា ៣៥០ ហើយថានឹងព្យាយាមបង្កើតរដ្ឋាភិបាល តាមរយៈការចរចាជាមួយ បក្សដទៃដែលមិនមែនគាំទ្ររបបយោធា។ ដោយឡែកបើតាមលទ្ធផលក្រៅផ្លូវការ គណបក្សគំាទ្រយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) ទទួលបានសំឡេងឆ្នោតពីប្រជាជនថៃ (សន្លឹកឆ្នោតសរុប) ឬ popular vote ច្រើនជាងគេ។

គួរបញ្ជាក់ថា បើតាមគណៈកម្មការបោះឆ្នោតថៃ គណបក្សភឿថៃទទួលបានអសនៈ ១៣៧អាសនៈ, Palang Pracharat របស់លោក ប្រាយុទ្ធ ទទួលបាន ១១៧អាសនៈ, គណបក្សអនាគតថ្មី (Future Forward Party) ទទួលបាន ៨០អាសនៈ និងគណបក្ស​ប្រជាធិបតេយ្យទទួលបាន ៥៣អាសនៈ៕