(កង់បេរ៉ា)៖ ក្នុងអំឡុងត្រឹមតែ ០២ថ្ងៃប៉ុណ្ណោះ តំបន់ឆ្នេរនៃប្រទេស អូស្រ្តាលីបានទទួលរង ការវាយលុកក៏ដូចជាឥទ្ធិពល នៃព្យុះស៊ីក្លូនដល់ទៅពីរបណ្តាក់គ្នាតែម្តង នៅភាគពាយ័ព្យប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

នាថ្ងៃចន្ទនេះព្យុះស៊ីក្លូនឈ្មោះថា វែរ៉ូនីកា (Veronica) កំពុងស្ថិតនៅ លើផ្ទៃសមុទ្រ ចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ ពីភាគពាយ័ព្យអូស្រ្តាលី។ ទោះបីវាលែងត្រូវគេរំពឹងថា នឹងឆ្ពោះមកវាយលុកផ្ទាល់លើប្រទេសអូស្រ្តាលី ក៏ដោយ ព្យុះកម្រិតពីរនេះ (កម្រិតខ្ពស់បំផុត៥) បាននាំយកមកជាមួយនូវខ្យល់បោកបក់យ៉ាងសន្ធប់ ព្រមទាំងការធ្លាក់ភ្លៀងខ្លាំង និងទឹករលកធំៗ។ ប្រការនេះបានជំរុញឲ្យអាជ្ញាធរអូស្រ្តាលី ចេញសារទទូចឲ្យ ប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានព្រមានថា អាចមានគ្រោះទឹកជំនន់ នៅតំបន់ភាគខាងលិចប្រទេស។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍កន្លងទៅ ព្យុះស៊ីក្លូនមួយទៀតឈ្មោះថា ត្រេវ័រ (Trevor) បានវាយលុកនៅតំបន់ Northern Territory ដែនដីភាគខាងជើងនៃប្រទេសអូស្រ្តាលី ដោយវាបានជះឥទ្ធិពលស្រដៀងគ្នាដូចព្យុះ Veronica ដែរ។ ឥទ្ធិពលនៃព្យុះស៊ីក្លូនទាំងពីរ បានបង្កឲ្យមានការដួលរំលំដើមឈើ និងដាច់ចរន្តអគ្គិសនីខ្លះៗ ប៉ុន្តែពុំបានបណ្តាលឲ្យ មនុស្សជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏ការបំផ្លិចបំផ្លាញធំដុំអ្វីនោះឡើយ៕