(បាងកក)៖ លទ្ធផលបឋមមិនផ្លូវការនៃការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវប្រកាសនៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃអាទិត្យនេះ ខណៈប្រជាជនថៃមានសិទ្ធិបោះឆ្នោតជិត៥២លាននាក់កំពុងនាំគ្នាទៅបោះឆ្នោតរើសគណបក្សដែលខ្លួនពេញ​ចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។ 

ការបោះឆ្នោតសកលថៃចាប់ផ្ដើមជាផ្លូវការដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង ៨៖០០នាទី ព្រឹកមិញនេះ ហើយវាគឺជាការបោះឆ្នោតលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃកាលពីខែឧសភា ឆ្នាំ២០១៤មក។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញខ្លះយល់ថាទោះបីជាលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏យោធាថៃនៅតែមានសិទ្ធិសម្រេចក្នុងកិច្ចការនយោបាយធំៗដដែល។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោតចំនួន ៩៣,២០០កន្លែង បានបើកទ្វារនៅទូទាំងខេត្តចំនួន៧៧របស់ ប្រទេសថៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលទៅបោះឆ្នោតបានចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច៕