(ប៉ាគិស្ថាន)៖ ប៉ាគីស្ថានបានដាក់ពង្រាយបន្ថែមនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសផលិតឡើងដោយប្រទេសចិន នៅតាមទីក្រុង និងមូលដ្ឋានយោធាជាច្រើន ដើម្បីទប់ស្កាប់សកម្មភាពបង្ករឿងណាមួយ បន្ទាប់ពីកងទ័ពអាកាសឥណ្ឌាបើកការវាយប្រហារតាមផ្លូវ អាកាសឆ្លងចូលក្នុងទឹកដីរបស់ខ្លួនកាលពីខែកុម្ភៈ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

សារព័ត៌មានឥណ្ឌា DNA ផ្អែកលើរបាយការណ៍ស៊ើបការណ៍សំងាត់មួយ បានបញ្ជាក់ទៀតថាប៉ាគីស្ថានបានដាក់ពង្រាយប្រព័ន្ធ មីស៊ីលការពារដែនអាកាសចិន LY-80 (HQ-16) និងប្រព័ន្ធរ៉ាដាឃ្លាំមើល IBIS-150 នៅតាមទីក្រុង និងមូលដ្ឋានយោធាជាច្រើន នៅទូទាំងប្រទេស ក្រោយកងទ័ពអាកាសឥណ្ឌាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមសកម្មប្រយុទ្ធនៅឯតំបន់ Balakot ដែលស្ថិតយ៉ាងជ្រៅនៅក្នុងទឹកដីរបស់ប៉ាគីស្ថាន។ លើសពីនេះទៅទៀត ក្រៅពីប្រព័ន្ធមីស៊ីល LY-80 ទីក្រុងអ៊ីស្លាម៉ាបាតក៏បាន ដាក់ពង្រាយយន្ដហោះដ្រូនរបស់ចិន CH-4 និង CH-5 ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ សារព័ត៌មានឥណ្ឌា Times of India បានចេញផ្សាយដែរថាយោធាឥណ្ឌាបានបាញ់ទម្លាក់ យន្ដហោះដ្រូនមួយគ្រឿងរបស់ប៉ាគីស្ថាននៅឯក្បែរតំបន់ព្រំដែន Satrana និង Jagdev ដើម្បីការពារកុំឱ្យវាចូលក្នុងដែន អាកាសឥណ្ឌា នៅចំពោះភាពតានតឹងជាថ្មីរវាងប្រជាជាតិនុយក្លេអ៊ែរទាំង២ អាចផ្ទុះឡើងគ្រប់ពេលវេលា៕