(ហ្សការតា)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័របានវាយប្រហារ លើកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើកើតឡើងនៅចំងាយ១២៩គីឡូម៉ែត្រពីអាគ្នេយ៍ទីក្រុង Palu នៃកោះ Sulawesi ដោយមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញ នៅឡើយទេ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រក៏ធ្លាប់វាយប្រហារលើកោះ Sulawesi នេះដែរ ដោយផ្ដាច់ជីវិតមនុស្សជិត២,០០០នាក់ ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕