(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថាមេដឹកនាំទាហានប៉ារ៉ាកូឡុំប៊ីម្នាក់ត្រូវបាន​ចាប់ខ្លួន ដោយសង្ស័យមានទំនាក់ទំនងជាមួយមេប្រឆាំងលោក Juan Guaido​ ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី វេណេស៊ុយអេឡាស្ដីទីក្រោមការគាំទ្រយ៉ាងរឹងមាំពីសហរដ្ឋអាមេរិក និងកូឡុំប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងពិធីជួបជុំអ្នកគាំទ្រ នៅឯទីក្រុងការ៉ាកាស់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«យើងបានចាប់ខ្លួនមេដឹកនាំទាហានប៉ារ៉ាម្នាក់របស់ក្រុម Rastrojos​ នៅក្នុង រដ្ឋ Carabobo ហើយគាត់កំពុងផ្ដល់ព័ត៌មាន...ថានរណាជាអ្នកជួលរូបគាត់ និងថាហេតុអ្វីបានជាគាត់ចូលមកក្នុងប្រទេស វេណេស៊ុយអេឡា»។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានអះអាងដែរថាប្រធានលេខាម្នាក់របស់លោក Guaido គឺលោក Roberto Marrero ត្រូវបានអាជ្ញាធរទីក្រុងការ៉ាកាស់ចាប់ខ្លួនជាមួយកាំភ្លើងវែងពីរដើម​ និងចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង បណ្ដាញភេរវករដែលកំពុងរៀបចំគម្រោងវាយប្រហារភេវកម្មប្រឆាំងអ្នកនយោបាយកំពូលវេណេស៊ុយអេឡា។ តែទោះជាយ៉ាង នេះក្ដី លោក Guaido បានទាត់ចោលការអះអាងនេះ ខណៈសហរដ្ឋអាមេរិកព្រមានថានឹងចាត់វិធានការលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕