(បាងកក)៖ ថ្ងៃសៅរ៍នេះគឺជាពេល​ចុងក្រោយហើយ ដែលបេក្ខជន​នានាត្រូវ​បញ្ចប់យុទ្ធនាគារ​ឃោសនារកសំឡេងឆ្នោតរបស់ពួកគេ ហើយក៏ជាពេល​ដែលប្រជាពលរដ្ឋថៃ​​មានសិទ្ធិ​បោះឆ្នោតប្រមាណ ៥២លាននាក់ ត្រូវត្រៀមខ្លួនប្រមូលផ្តុំកម្លាំង ដើម្បី​ចេញទៅគូស​សន្លឹក​ឆ្នោតចាប់​ពីពេលព្រឹក​រហូតដល់ពេលល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមីនា ស្អែកនេះផងដែរ។ នេះបើតាម​​ការដកស្រង់ការ​ផ្សាយពី Bangkok Post នៅល្ងាច​ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩។

បើគិតពីការ​ធ្វើរដ្ឋប្រហារ​យោធា​ទម្លាក់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែង​នាយករដ្ឋមន្ត្រី​ថៃ​កាលពីខែឧសភា ឆ្នាំ២០១៤ នោះគឺវាមានរយៈ០៥ឆ្នាំហើយ ខណៈ​ក្នុង​យុទ្ធនាការឃោសនារកសំឡេងឆ្លោត​ របស់បក្សនយោបាយ​នានា​​មួយរយៈមកនេះ ប្រជាជនថៃភាគ​ច្រើនត្រូវបានគេមើល​ឃើញថា មានក្តីសង្ឃឹមក្នុងការស្តារលទ្ធិ​ប្រជាធិបតេយ្យ​របស់ខ្លួនឡើងវិញ ដោយពួកគេបានចាត់ទុកថា វាបានបាត់បង់ទៅ​តាំងតែពីរដ្ឋប្រហារកាលពី០៥ឆ្នាំមុនម្ល៉េះ ប៉ុន្តែមួយចំនួនទៀតក៏នៅតែបង្ហាញការ​ព្រួយបារម្ភផងដែរ។ នេះបើតាម​ការដកស្រង់​ការផ្សាយពីសារព័ត៌មាន CNN។

ងាកទៅ​មើលកាលពី​ថ្ងៃសុក្រ​ម្សិលមិញនេះវិញ លោក​​នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការអំពាវនាវ​​រកសំឡេង​ឆ្នោត ដោយក្នុងនោះ​​លោក​ថែមទាំង​បាន​​សន្យាទៀតថា «ខ្ញុំអាច​បូជា​ជីវិតដើម្បីប្រទេស​មួយនេះ» នៅចំពោះមុខ​​អ្នកគាំទ្រជាង ៦,០០០នាក់ នៅក្នុងពហុកីឡដ្ឋាន​​មួយកន្លែងក្នុងទីក្រុង​បាងកក។ លោក ប្រាយុទ្ធ ដែល​មានវ័យ ៦៥ឆ្នាំបាន​ថ្លែងយ៉ាងដូច្នេះ​ទៀតថា «ខ្ញុំធានា​ធ្វើឲ្យមានអនាគត​ប្រសើរឡើង សម្រាប់​បណ្តាខេត្តទាំង ៧៧របស់ថៃ...។ គ្រប់គ្នាត្រូវតែ​មានជីវិតប្រសើរ​ឡើង... ខ្ញុំអរគុណ​ប្រជាជនថៃ​ទាំងអស់ដែលបាន​សហការជាមួយខ្ញុំ សម្រាប់រយៈពេល​០៥ឆ្នាំមកនេះ។ ខ្ញុំនឹងធ្វើឲ្យល្អប្រសើរបំផុត សម្រាប់ការងារនេះទៅមុខ...»

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែកនេះ​មណ្ឌលបោះឆ្នោត​ចំនួន ៩៣,២០០កន្លែង នឹងត្រូវបើកទ្វារ​នៅទូទាំងខេត្ត​ចំនួន ៧៧របស់ប្រទេស​ថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋ​​ចូលទៅ​បោះឆ្នោតបាន​ចាប់ពី​វេលាម៉ោង ៨៖០០នាទីព្រឹក​​ ដល់ម៉ោង ៥៖០០នាទី​ល្ងាច។ ដោយឡែក​​លទ្ធផលមិនទាន់ផ្លូវការ​នឹងត្រូវប្រកាសនៅ​វេលាម៉ោង ៨៖០០នាទី​យប់ថ្ងៃដដែល។ ដើម្បី​អាច​បង្កើតរដ្ឋាភិបាល​មួយ​បាន បក្សនយោបាយ​ឈ្នះឆ្នោត ឬដៃគូចំរុះ​ត្រូវការ​អសនៈចាប់ពី ៣៧៦ ឡើងទៅក្នុងចំណោម​អសនៈសរុប ៥០០ និង ២៥០អសនៈទៀតគឺនៅក្នុង​ព្រឹទ្ធសភា៕